Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ចូលរួមការលំបាកជាមួយប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ទឹកភ្លៀង … បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ អម្បាញ់មិញនេះ ខ្ញុំព្រះករុណាខ្ញុំបានទៅសួរសុខទុក្ខ និងពិនិត្យមើលពីស្ថានភាពនៅឯបុរី ពិភពថ្មី កួរស្រូវ ២។ ឥឡូវនេះ យើងមកកាន់តំបន់ស្ពានថ្ម ដែលជាទីតាំងមួយទៀតក្នុងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ។ ពិតមែនហើយ នៅទីនេះមានពន្លឺអគ្គិសនីខ្លះ ដោយប្រើប្រាស់នូវម៉ាស៊ីនភ្លើង។ សុំអភ័យទោសពីសំណាក់ប្រជាពលរដ្ឋ ដែលយើងត្រូវផ្ដាច់ចរន្តអគ្គិសនី ហើយស្ថានភាពរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួន គឺងងឹតតែម្ដង។ បើសិនជាយើងនៅបន្តបើកអគ្គិសនីតទៅទៀត វានឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដូច្នេះ ការទ្រាំទ្រការលំបាកនៅក្នុងរយៈពេលនេះ ខ្ញុំព្រះករុណាខ្ញុំសូមចូលរួមនូវការលំបាកនេះ ជាមួយនឹងប្រជាពលរដ្ឋនៅទីនេះក្ដី នៅក្របខណ្ឌទូទាំងប្រទេសក្ដី ដែលរាប់ម៉ឺនគ្រួសារ ទទួលនូវផលប៉ះពាល់ ដែលចេញមកអំពីគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបាន និងកំពុងកើតនៅក្នុងប្រទេស។ ការជម្លៀសប្រជាជន ជាបទបញ្ជាអាទិភាព ពេលដែលខ្ញុំធ្វើដំណើរចេញមក ភ្លៀងចាប់ផ្ដើមរលឹម ហើយមកដល់កន្លែងទី ១ ភ្លៀងក៏ធ្លាក់ខ្លាំង ហើយ បន្ទាប់ទៅក៏នៅរលឹម។ តែឥឡូវ យើងកំពុងនៅក្រោមផ្ទៃមេឃរលឹមនៅឡើយ។ នេះហើយដែលហៅថា ម្ខាងគឺរដូវវស្សា តែម្ខាងទៀតគេហៅថា គ្រោះមហន្តរាយធម្មជាតិ គឺទឹកជំនន់នេះឯង។ ដោយសារតែទឹកជំនន់នេះហើយ បានជាមានតម្រូវការជម្លៀសប្រជាជនចេញ។ នេះជាអាទិភាពខ្ពស់បំផុតនៃបទបញ្ជារបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល។ ឥឡូវនេះ ក្រុមយុវជនស្រឡាញ់សន្តិភាព…
ថ្ងៃនេះ ខ្ញុំបានមកជួបជុំជាមួយនឹងបងប្អូន ដែលចាត់ទុកថាជានិមិត្តរូបឱ្យប្រជាជនរាប់ម៉ឺនគ្រួសារដែលបាន និងកំពុងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនៅក្នុងប្រទេស។ ខ្ញុំសុំយកឱកាសនេះ សម្ដែងនូវការសោកស្តាយជាមួយនឹងការបាត់បង់សម្រាប់ប្រជាជនយើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមកដល់ពេលនេះមានអ្នកស្លាប់ ១៣ នាក់រួចទៅហើយ។ ជាកុសលល្អសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលនៅជាប់ជិតខាងយើងនេះ មិនមានអ្នកស្លាប់នោះទេ។ នេះជាគ្រោះធម្មជាតិមួយ បន្ថែមទៅលើអ្វីដែលយើងកំពុងតែទទួលរងនូវការលំបាកទាក់ទងទៅនឹង Covid-19។ នៅពេលដែលយើងកំពុងប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវ ដែលបានយាយីប្រជាជននៅទូទាំងពិភពលោក ក្នុងហ្នឹងក៏មានកម្ពុជាផងដែរ បែរជាយើងត្រូវជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រស់នៅ ដែលជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសង្គ្រោះជីវិតប្រជាជនឱ្យបានសិន។ ពេលកម្លាំងរដ្ឋបាលស៊ីវិលមិនអាចឆ្លើយតបបាន កម្លាំងប្រដាប់អាវុធដើរតួនាទីស្នូលសង្គ្រោះប្រជាពលរដ្ឋ ខ្ញុំពិតជាមានការកោតសរសើរចំពោះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ដែលមានហេតុការណ៍កើតឡើង។ អរគុណ និងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានប្រឹងប្រែង ដើម្បីជម្លៀសប្រជាជនចេញមកកាន់ទីកន្លែងដែលមានសុវត្ថិភាព។ បងប្អូនយើងពិតជាមានការប្រឹងប្រែង និងលះបង់ខ្លាំងណាស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងកម្លាំងអាវុធហត្ថ កងកម្លាំងនគរបាល បានធ្វើកិច្ចការដ៏ល្អនៅគ្រប់ទីកន្លែង ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ ខ្ញុំសុំស្នើឱ្យកម្លាំងប្រដាប់អាវុធទាំងអស់ក្លាយជាឆ្អឹងខ្នងនៃអន្តរាគមន៍ផ្តាច់ព្រ័ត្រសម្រាប់សង្គ្រោះប្រជាជនយើងតទៅទៀត ដូចដែលយើងបាន និងកំពុងធ្វើនៅពេលនេះ។ នេះមិនមែនជាបញ្ហាថ្មីថ្មោងនៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាទេ។ យើងបានធ្វើកិច្ចការងារនេះតាំងពីទសវត្សរ៍ ៨០ រហូតមក គឺយើងតែងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីសង្គ្រោះនៅពេលមានគ្រោះមហន្តរាយម្តងៗ។ ពេលដែលកម្លាំងរដ្ឋបាលស៊ីវិលមិនអាចឆ្លើយតបបាននោះ កម្លាំងប្រដាប់អាវុធរបស់យើងតែងតែដើរតួនាទីស្នូលក្នុងការសង្គ្រោះប្រជាពលរដ្ឋ…
លោកជំទាវ សៀក ហាស៊ីណា (Shiekh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋបង់ក្លាដេស ឯកឧត្ដម អាន់តូនីញ៉ូ ហ្គូតទែរ៉ស (Antonio Guterres) អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សជាអនេក ដែលបានចូលរួមនៅក្នុង វេទិកាភាពងាយរងគ្រោះ នៃអាកាសធាតុ ដ៏មានសារៈសំខាន់ តាមប្រព័ន្ធវីដេអូអនឡាញ។ ឆ្នាំ ២០២០ នេះ គឺជាពេលដ៏លំបាកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជាចំពោះការអភិវឌ្ឍជាទូទៅ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ជាការពិតណាស់ ដូចគ្នានឹងជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុជាបញ្ហាដ៏គួរឱ្យបារម្ភមួយទៀត ដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរពិបាកនឹងប៉ាន់ប្រមាណទៅលើសង្គម សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយដែលបានកើតឡើងជាបន្តបន្ទាប់ជុំវិញពិភពលោកមានសភាពធ្ងន់ធ្ងរ និងប្រពលភាព កាន់តែញឹកញាប់លើសពីអ្វីដែលយើងធ្លាប់បានជួបប្រទះកន្លងមក។ ក្នុងបរិបទនេះ ទោះបីជាយើងមានភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងទាំងអស់គ្នាគប្បីខិតខំផ្ដល់អាទិភាព និងធានាឱ្យបាននូវនិរន្តរភាព…