Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) ឈ្នះសមរភូមិ Delta, Alpha និង Omicron ក្នុងសង្គ្រាមកូវីដ-១៩ … បើកដំណើរការឡើងវិញតាមគន្លងថ្មី ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីប្រារព្ធពិធីចែកសញ្ញាប័ត្រសម្រាប់បិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២០ និង ២០២១ ១៧៣៣ នាក់ ជាមួយនឹងការបើកវគ្គបណ្តុះបណ្តាលថ្មីសម្រាប់សិស្សចំនួន ៦៦៥ នាក់។ ពិធីនេះ យើងបានអាក់ខានធ្វើសម្រាប់ឆ្នាំ ២០២១ ក៏ប៉ុន្តែយើងបានវិលត្រឡប់មកធ្វើនៅក្នុងឆ្នាំ ២០២២ នេះ បន្ទាប់ពីយើងគ្រប់គ្រងបាននូវជំងឺ កូវីដ-១៩។ ជំងឺនេះវាមិនទាន់ចប់នៅឡើយទេ។ យើងក៏នៅបន្តការប្រុងប្រយ័ត្ន ប៉ុន្តែយ៉ាងហោចណាស់ យើងបានដោះស្រាយបញ្ហាមួយជំហាន។ បានសេចក្តីថា បើយើងប្រៀបធៀបរវាងសង្គ្រាមនិងសមរភូមិ ពេលនេះយើងទើបនឹងឈ្នះសមរភូមិតែប៉ុណ្ណោះ។ យើងមិនទាន់ឈ្នះសង្គ្រាមទាំងមូលនៅឡើយទេ។ មានន័យថា សង្គ្រាមប្រឆាំងជាមួយនឹង កូវីដ-១៩ មិនទាន់ចប់ ប៉ុន្តែសមរភូមិលើ Delta, Alpha និង Omicron យើងគ្រប់គ្រងបានហើយ។ ស្ថានភាពនេះ អំណោយផលសម្រាប់យើងក្នុងការបើកដំណើរការឡើងវិញនៅក្នុងគ្រប់ផ្នែកទាំងអស់ដែលយើងធ្លាប់ធ្វើ នៅមុនពេល កូវីដ-១៩ បានមកដល់។ ប៉ុន្តែយើងត្រូវធ្វើតាមរបៀបគន្លងថ្មី។ ដូចជាថ្ងៃនេះ តម្រូវឲ្យមានការពាក់ម៉ាសនិងរក្សាគម្លាត។ នោះហើយជារបៀបថ្មី ដែលយើងកំពុងស្ថិតនៅនិងដំណើរទៅមុខជាបន្តទៀត។…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ទៅបោះឆ្នោត កុំភ្លេចប្រើអាល់កុលលាងដៃ រក្សាគំលាត និងពាក់ម៉ាស ថ្ងៃនេះ ជាថ្ងៃហែក្បូនចុងក្រោយ សម្រាប់ការឃោសនា(រកសម្លេងឆ្នោត) ជ្រើសរើស(ក្រុមប្រឹក្សា)ឃុំ/សង្កាត់ អាណត្តិទី ៥។ បន្ទាប់ទៅគឺជាថ្ងៃស្ងប់ស្ងាត់ បន្ថែមទៅដោយសារាចររបស់ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវកុំឱ្យសេពគ្រឿងស្រវឹងនិងលក់គ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីទូលប្រគេននិងអំពាវនាវ ចំពោះបងប្អូនជនរួមជាតិ បើទោះបីថា កូវីដ-១៩ ត្រូវបានថមថយ និងអវត្តមានពីប្រទេសរបស់យើងជិត ១ ខែ ទៅហើយក្តី នៅពេលអញ្ជើញទៅបោះឆ្នោត សូមបងប្អូនជនរួមជាតិមេត្តាកុំភ្លេចយកអាល់កុលលាងដៃទៅជាមួយ បើអាចធ្វើបាន(សូមកុំភ្លេច)ពាក់ម៉ាសនិងរក្សាគម្លាតឱ្យបានល្អ ដើម្បីចៀសវាងនូវហានិភ័យកើតឡើងនៅថ្ងៃបោះឆ្នោត ដែលអាចនាំទៅដល់ការឆ្លងឡើងវិញ។ អាល់កុល គឺមានភាពចាំបាច់ ដើម្បីឱ្យបងប្អូនអាចលាងដៃក្រោយពេលបោះឆ្នោតរួច នៅក្រោយពេលដែលយើងកាន់ក្រដាស(សន្លឹកឆ្នោត) (ព្រោះ)យើងមិនដឹងថានៅលើក្រដាសនោះវាមានអ្វីនៅលើនោះ(ទេ)។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាស់ជាមានវិធានការការពារសុវត្ថិភាព ក៏ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវតែគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ពិតមែនតែកាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង ប៉ុន្តែបើសិនជាយើងពាក់ម៉ាសក៏ជាការល្អ ហើយការរក្សាគម្លាតពីចន្លោះមួយទៅចន្លោះមួយក៏គួរតែត្រូវបានធ្វើ។ ថ្ងៃស្អែក គឺជាថ្ងៃប្រមូលផ្តុំប្រជាពលរដ្ឋនៅទូទាំងប្រទេសសម្រាប់អ្នកដែលគ្រប់អាយុបោះឆ្នោត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អរគុណចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៤ កន្លងទៅ ដែលនឹងត្រូវផុតអាណត្តិនៅប៉ុន្មានថ្ងៃខាងមុខនេះ។…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! បឹងទន្លេសាបគ្របដណ្ដប់ ៦ ខេត្ដ និងចែកជា ៣ តំបន់ បន្ទាប់ពីការធ្វើដំណើរចុះឡើងពីកម្ពុជាទៅសហរដ្ឋអាមេរិក ពីសហរដ្ឋអាមេរិកមកកម្ពុជា ហើយក៏ធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប ថ្ងៃនេះមុនពេលដែលខ្ញុំព្រះករុណាខ្ញុំថ្លែង(សុន្ទរកថា)ចូលរួមការប្រជុំកំពូលអំពីអនាគតអាស៊ី … នៅក្នុងម៉ោង ១១ នេះ ខ្ញុំព្រះករុណាខ្ញុំឆ្លៀតយកឱកាសនេះទូលប្រគេន និងប្រកាសជូនជនរួមជាតិដែលរស់នៅជុំវិញបឹងទន្លេសាប ទាក់ទងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្ស(តំបន់ផ្ទៃ)បឹងទន្លេសាប ទន្ទឹមគ្នានឹងការគិតគូរ(មួយចំនួន)ចំពោះប្រជាជននៅក្នុងតំបន់នោះ។ គេ(អាច)ដឹងបានហើយថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ដែលមានទឹកនិងត្រីដ៏ច្រើនដែលចាំបាច់ត្រូវធ្វើការអភិរក្ស។ បឹងទន្លេសាបគ្របដណ្ដប់ ៦ ខេត្ដ រួមមានខេត្ត កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង ពោធិសាត់ និងខេត្តបន្ទាយមានជ័យ។ រយៈពេលកន្លងទៅ យើងបានបែងចែកតំបន់ទន្លេសាបជា ៣ តំបន់គឺ តំបន់ទី ១ ជាតំបន់រស់នៅរបស់ប្រជាជន ដែលអាចចុះបញ្ជីដីធ្លីនិងផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ តំបន់ទី ២ ជាតំបន់នៅចន្លោះរវាងតំបន់ ១ និង តំបន់ ៣ (ដែលអាច)អនុញ្ញាតឲ្យប្រជាពលរដ្ឋចូលអាស្រ័យផលនៅក្នុងទីតាំងដែលធ្លាប់មានកន្លងមក។ ឯតំបន់ទី ៣ ជាតំបន់ព្រៃលិចទឹក…