Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ខ្ញុំមានការអំពាវនាវទៅកាន់បងប្អូន ទាក់ទិនជាមួយបញ្ហាផ្ទះឈ្នួលរបស់កម្មករ/ការិនី គឺស្ថិតនៅត្រង់ថា ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ជាពិសេស ម្សិលមិញនេះ គឺមានការទាមទារយកប្រាក់ថ្លៃឈ្នួលផ្ទះពីកម្មករ/ការិនីរបស់យើង ក្នុងពេលដែលកម្មករ/ការិនីរបស់យើងមិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់នៅឡើយ គឺនៅក្នុងតំបន់ក្រហម។ ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងអស់ សុំមេត្តាយោគយល់ដល់កម្មករ/ការិនីរបស់យើង ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា សុទ្ធតែមានការជួបការលំបាក។ ក្នុងរយៈពេលកន្លងទៅនេះ ក៏មានម្ចាស់ផ្ទះជួលមួយចំនួនបានសម្រេចមិនយកប្រាក់ឈ្នួលរបស់កម្មករ/ការិនីក្នុងចំនួនមួយរយៈ ឬក៏បញ្ចុះថ្លៃ។ មានមួយចំនួនទៀត គឺមានរហូតដល់ឱ្យប្រើប្រាស់ក្នុងរយៈពេលវែង ដែលខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ។ ក៏ប៉ុន្តែ នៅសល់បងប្អូនមួយចំនួន ដោយខ្វះការយោគយល់ បង្កើតឱ្យមានបញ្ហាឡើង។ ម្សិលមិញនេះ មានការប្រញាប់ប្រញាល់ទៅធ្វើការដោះស្រាយនៅទីន្លែងនោះ។ ខ្ញុំសូមអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងឡាយ សូមផ្អាកជាបណ្ដោះអាសន្ន ការយកប្រាក់ឈ្នួលពីកម្មករ/ការិនី ក្នុងពេលដែលកម្មករ/ការិនី មិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ។ ប្រសិនបើម្ចាស់ផ្ទះជួលទាំងឡាយ អាចនឹងរួមគ្នាធ្វើ ដើម្បីជួយដល់កម្មករ/ការនីរបស់យើង ឧទាហរណ៍ ការបញ្ចុះថ្លៃឈ្នួលនៃផ្ទះដែលបាន និងកំពុងស្នាក់នៅ ក្នុងចំនួនប្រមាណភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះអាចលើកលែងទៅបាន ក្នុងមួយខែ ពីរខែ ឬបីខែ ក៏សុំធ្វើការលើកលែង។ ពិតហើយ ខ្ញុំដឹងថាម្ចាស់ផ្ទះជួលខ្លះ គឺខ្ចីលុយធនាគារយកមកសាងសង់ផ្ទះឈ្នួលទាំងនោះ។ បងប្អូនពិតជាមានការលំបាកដូចគ្នា ដែលម្ខាងជាកូនបំណុល ម្ខាងទៀតជាម្ចាស់បំណុល។ ប៉ុន្តែ…
ជូនឯកឧត្តម លោកជំទាវ អភិបាលខេត្តរាជធានី រាជរដ្ឋាភិបាលបានបិទបញ្ចប់ក្នុងការបិទទីក្រុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ក៏ដូចជាការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលមុនមកម្ល៉េះ។ ក្នុងពេលបិទបញ្ចប់នេះរាជរដ្ឋាភិបាលក៏បានផ្តល់អំណាចទៅឲ្យអភិបាលខេត្តរាជធានីដើម្បីគ្រប់គ្រងសភាពការណ៍តាមការជាក់ស្តែង។ ប៉ុន្តែ ខ្ញុំពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតទៅដល់កម្រិតប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ នេះមិនខុសពីការដែលយើងបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ។ ដូចជាខ្ញុំត្រូវធ្វើដំណើរទៅឥណ្ឌូនេស៊ី ត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ បើ(បណ្តាខេត្ត)ធ្វើយ៉ាងដូច្នេះ វាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ។ ឧទាហរណ៍ ប្រជាជនត្រូវឆ្លងកាត់នៅខេត្តនោះចាំបាច់ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងខេត្តមួយនោះ។ យើងត្រូវបន្តគ្រប់គ្រងនូវការធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យដែលមានហានិភ័យថាមានកូវីដ-១៩ ដើម្បីឲ្យទៅយកសំណាកហើយត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ។ បើធ្វើយ៉ាងដូច្នេះ ប្រជាជនហាក់ដូចនៅក្នុងទ្រុងដដែល។ សុំឲ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណាដែលបានចេញសេចក្តីសម្រេចហួសទៅហើយត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំនិយាយនេះមិនមែនសំដៅមិនឲ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យដែលយើងតម្រូវឲ្យយកសំណាក និងនាំការធ្វើចត្តាឡីស័កដែលចៀសវាងមិនបាននោះទេ ក៏ប៉ុន្តែគឺសំដៅឲ្យកែសម្រួលសេចក្តីសម្រេច ដើម្បីបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ បើមិនដូច្នោះទេ គ្រប់ខេត្តនីមួយៗ ដាក់(ការកំណត់អោយ)ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ វាមិនខុសពីចែកកម្ពុជាទៅជា ២៥ ប្រទេស (ដែលការ)ឆ្លងពីខេត្តមួយទៅខេត្តមួយ (តម្រូវអោយ)ធ្វើចត្តាឡីស័កនោះទេ។ បើចេញពីខេត្ត(នោះ) ចូលមកខេត្តនេះវិញ (ក៏ត្រូវ)ធ្វើចត្តាឡីស័ក ដូច្នោះតើយើងរស់របៀបម៉េច? អញ្ចឹងខ្ញុំសុំស្នើឲ្យឯកឧត្តមលោកជំទាវអភិបាលខេត្តរាជធានីត្រូវធ្វើការកែសេចក្តីសម្រេចជាបន្ទាន់របស់ខ្លួន។ បើមិន(កែសេចក្តីសំរេច)ដូច្នេះ យើងគ្រប់គ្រងប្រជាជនដែលនៅក្នុងតែខេត្តរបស់ខ្លួន ហើយប្រជាជនខេត្តដទៃដែលទៅរកស៊ីធ្វើការចូលទៅក្នុងខេត្តរបស់ខ្លួនត្រូវតែធ្វើចត្តាឡីស័ក ដល់ប្រជាជនខ្លួនចេញទៅខេត្តដទៃក៏ត្រូវធ្វើចត្តាឡីស័ក។…
សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម វង្ស៊ី វិសុទ្ធ, លោកជំទាវ ឱ វណ្ណឌីន ឯកឧត្តម អ៊ិត សារ៉ាត់, ឯកឧត្តម ឃួង ស្រេង ដំណើរការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម គឺប្រព្រឹត្តទៅបានយ៉ាងល្អ ដែលធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស កើនឡើងដល់ជាង ១.៥០០.០០០ នាក់ ដែលត្រូវជាជាង ១៥% នៃចំនួនប្រជាជនដែលត្រូវចាក់។ សម្រាប់នៅក្នុងតំបន់ក្រហម កន្លងទៅគណៈកម្មការចំពោះកិច្ច បានបញ្ជូនវ៉ាក់សាំងចំនួន ៩០ ម៉ឺនដូសទៅ(ក្រុមគ្រូពេទ្យនៃ)កម្លាំងប្រដាប់អាវុធដែលបានចូលទៅចាក់នៅក្នុងតំបន់ក្រហម។ ប៉ុន្តែ ចំនួនប្រជាពលរដ្ឋតួលេខជាក់ស្តែងនៅទីនោះ គឺមានរហូតទៅដល់ជាង ៥២ ម៉ឺននាក់ នេះបើយោងទៅតាមតួលេខដែលខ្ញុំបានទទួល ហើយដែលយើងបានដឹងទាំងអស់គ្នា។ ក៏ប៉ុន្តែ យើងមានវ៉ាក់សាំងត្រឹមតែ ៩០ ម៉ឺនដូសតែប៉ុណ្ណោះ។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងតំបន់ក្រហមនេះ ដរាបណាមិនទាន់ចាក់អស់ប្រជាជន គឺយើងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ។ ចំនួន ៩០ ម៉ឺនដូសដែលបញ្ជូនចូលទៅនេះ គឺបានប្រជាជនត្រឹមតែជាង ៤០ ម៉ឺននាក់ ប្រសិនបើមានការខូចខាតមួយចំនួន។ តាមធម្មតាតែងតែមានការខូចខាត នោះហើយដែលយើងគិតថាវាអាចបាន ៤៤ ម៉ឺននាក់ទៅចុះ។…