CPP​ ដាក់បេក្ខជនតំណាងរាស្រ្ត៤រូបថ្មីទៀត ជំនួសតំណែងសមាជិកសភារបស់ខ្លួន៤រូប ដែលលាលែងពីតំណែង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ បេក្ខជនតំណាងរាស្រ្ត៤រូបថ្មីទៀត មកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវជំនួសតំណែង សមាជិកសភា៤រូបរបស់គណបក្សប្រជាជន ដែលបានដាក់ពាក្យលាលែងពីតំណែងនាថ្មីៗនេះ។ នេះបើតាមលិខិតរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ បេក្ខជនតំណាងរាស្រ្តថ្មីទាំង៤រូប រួមមាន៖ ១៖ លោក សុខ ប៊ន នៅឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ស្ពឺ ២៖ លោក អ៊ុក ដាមរី ឈរឈ្មោះនៅមណ្ឌលខេត្តកណ្តាល ៣៖ លោក ជុំ យុហៀន ឈរឈ្មោះនៅមណ្ឌលខេត្តកោះកុង ៤៖ លោក ពៅ សាមី ឈរឈ្មោះនៅមណ្ឌលខេត្តព្រៃវែង បេក្ខជនតំណាងរាស្រ្តថ្មី៤រូបនេះ គឺជាអ្នកដែលត្រូវជំនួសសមាជិករដ្ឋសភាមកពី CPP​​ ៤រូប ដែលលាលែង ហើយត្រូវបាន គ.ជ.ប បញ្ចូនភ្ជាប់ជាមួយ​ បញ្ជីឈ្មោះបេក្ខជន១១រូប ផ្សេងទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលរៀបចំដោយ គ.ជ.ប ដើម្បីកាន់អាសនៈចំនួន១១ ដែលសេសសល់ ក្រោយគណបក្សចំនួន២ មិនទទួលយកក្រោយរំលាយគណបក្សសង្រ្គោះជាតិ។…

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបែងចែកអាសនៈចំនួន១១ ប្រគល់ឲ្យ CPP ធ្វើឲ្យចំនួនអាសនៈរបស់បក្សកាន់អំណាច ក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចបែងចែកអាសនៈ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិសេធមិនទទួលយកអាសនៈចំនួន១១ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ។ គ.ជ.ប បានបញ្ជាក់ថា ការបែងចែកអាសនៈនៅទំនេរនេះ ធ្វើឡើងស្របតាមមាត្រ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្រោយពីបានគណនា តាមរូបមន្តបែងចែកអាសនៈ ក្នុងមណ្ឌលបោះឆ្នោតរួចមក គ.ជ.ប បានសម្រេចដូចខាងក្រោម៖ – មណ្ឌលខេត្តបាត់ដំបង៖ មានអាសនៈដែលនៅទំនេរសរុបចំនួន១ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន១អាសនៈ។ – មណ្ឌលកំពង់ចាម៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។ – មណ្ឌលកណ្តាល៖ មានអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ។ – មណ្ឌលរាជធានីភ្នំពេញ៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។ – មណ្ឌលខេត្តព្រៃវែង៖ នអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ៕

គ.ជ.ប៖ អាសនៈចំនួន១១ ដែលសេសសល់ពីគណបក្ស២មិនទទួលយក នឹងធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជា

FN ៖ ផ្អែកតាមរូបមន្តច្បាប់ និងសំឡេងឆ្នោតបានការណ៍ នៅតាមមណ្ឌលខេត្តនៃអាសនៈចំនួន១១ ដែលសេសសល់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ដែលប្រកាសមិនទទួលយកនោះ អាសនៈទំនេរទាំង១១នេះ អាចនឹងធ្លាក់លើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស ដែលមានសំឡេងច្រើនលើសលុប នៅតាមមណ្ឌលទាំងនោះ។លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា អាសនៈរដ្ឋសភាចំនួន១១ ដែលគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រកាសមិនទទួលយកនោះមាននៅក្នុងមណ្ឌលរាជធានីខេត្តចំនួន៥ ក្នុងនោះមានបាត់ដំបង ១អាសនៈ, កំពង់ចាម៣អាសនៈ, កណ្តាល២អាសនៈ, ភ្នំពេញ៣អាសនៈ និងព្រៃវែង២អាសនៈ។ លោកបានបន្តថា បើផ្អែកតាមសំឡេងសន្លឹកឆ្នោតបានការណ៍ ក្នុងចំណោមគណបក្ស៤ដែលអាចទទួលបានអាសនៈពីការបែងចែកជុំទី២នេះ គឺគណបក្សប្រជាជនកម្ពុជាមានសំឡេងច្រើនលើសលុប ឯគណបក្សផ្សេងៗទៀតមានតិចតួចប៉ុណ្ណោះ ដូច្នេះការគណនាបឋមបង្ហាញថា អាសនៈទាំងអស់នោះ អាចនឹងបានទៅលើគណបក្សប្រជាជនកម្ពុជា។ លោក សោម សូរីដា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបែងចែកអាសនៈ១១នេះ គឺបែងទៅតាមមណ្ឌលបោះឆ្នោតពាក់ព័ន្ធ។ អញ្ចឹងបើមើលទៅតាម សន្លឹកឆ្នោត បានការរបស់គណបក្សដែលត្រូវទទួលការបែងចែកអាសនៈនោះ គឺគណបក្សប្រជាជនកម្ពុជា មានចំនួនសន្លឹកឆ្នោតច្រើនមែនទែន រហូតដល់ជាង២សែនសំឡេង កន្លែងខ្លះ៣សែន ជិត៤សែនឯណោះ អញ្ចឹងយើងអាចដឹងហើយថា លទ្ធផលនៃការបែងចែកអាសនៈដែលនៅទំនេរនេះ គឺបានទៅលើគណបក្សណាមួយ»។…