FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហោះសារដ៏មានអត្ថន័យមួយ នៅក្នុង Page Facebook ផ្លូវការរបស់លោក ក្រោយពេលទទួលបានគ្រឿងឥស្សរិយយស «Padma Shri» ចំពោះស្នាដៃឆ្នើមក្នុងកិច្ចការសាធារណៈ ពីប្រធានធិបតីឥណ្ឌា ហើយទើបត្រឡប់មកដល់កម្ពុជាវិញនៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។
លោក ហ៊ុន ម៉ានី បានចាត់ទុកថា គ្រឿងឥស្សរិយយសដែលលោកទទួលបាននេះ មិនមែនផ្តល់ឲ្យតែលោកម្នាក់ឯងនោះទេ គឺជាកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។
លោក ហ៊ុន ម៉ានី បានសរសេរបង្ហោះក្នុង Facebook របស់លោកយ៉ាងដូច្នេះថា «គ្រឿងឥស្សរិយយស PADMA SHRI៖ គឺជាគ្រឿងឥស្សរិយយស ដែលខ្ញុំមានកិត្តិយសទទួលបាន។ តាងនាមឲ្យកម្ពុជា គឺជាគ្រឿងឥស្សរយស ដែលមិនមានផ្តល់ឲ្យ ហ៊ុន ម៉ានី តែម្នាក់ឯងនោះទេ។ ប៉ុន្តែគឺជាគ្រឿងឥស្សរិយយស ដែលតំណាងឲ្យការបូជាលះបង់, ការតាំងចិត្ត, ការខិតខំមិនខ្លាចនឿយហត់ រាប់មិនអស់របស់ប្រជាជនកម្ពុជា ជាច្រើននាក់ពីជំនាន់មុន, របស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន និងកិច្ចប្រឹងប្រែង មិនអាចគណនាបានរបស់ជនកម្ពុជាទាំងឡាយណា ដែលបាននាំ និងប្រែក្លាយកម្ពុជា ជាទីស្រឡាញ់របស់យើងទាំងអស់គ្នា ពីឋានៈជាប្រទេសដែលធ្លាប់ហែកហួរ ដោយសង្គ្រាម ពីអំពើប្រល័យពូជសាសន៍ និងការលំបាកផងទាំងពួង, ពីគំនរផេះផង់ (ពិសេសនៅទសវត្សរ៍ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៩០) ទៅជាប្រទេសមួយដែលមានឯកភាពជាតិ, សន្តិភាព, ស្ថេរភាព, វិបុលភាព ដ៏រស់រវើក និងប្រកបដោយថាមភាព នៅក្នុងក្រសែភ្នែករបស់ពិភពលោក។
ព្រះរាជាណាចក្រ ជាទីស្រឡាញ់របស់យើងទាំងអស់គ្នា លែងជាប្រទេសកម្ពុជា ដែលអន្តរជាតិបានស្គាល់ត្រឹមតែ អំពីអំពើយង់ឃ្នងទៀតហើយ។ កម្ពុជាបច្ចុប្បន្ន មានជំហរស្មើមុខស្មើមាត់ ប្រកបដោយសេចក្តីថ្លៃថ្នូរ របស់ខ្លួន ទន្ទឹមគ្នានឹងពិភពលោកទាំងមូល ក្នុងនាមជាសមាជិកមួយរូប ប្រកបដោយការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។
ជាប្រទេសកម្ពុជា ដែលយើងស្រឡាញ់!
ជាប្រទេសកម្ពុជា ដែលយើងមានមោទនភាព! កម្ពុជា គឺជាផ្ទះជម្រករបស់យើងជាដរាប! ខ្ញុំជឿជាក់លើជាតិ និងប្រជាជនរបស់យើង!
ហើយយើងជឿជាក់ និងវិនិយោគបន្ថែម ក្នុងការធ្វើឲ្យអនាគត កាន់តែប្រសើរជាងបច្ចុប្បន្នថែមទៀត សម្រាប់អ្នកជំនាន់ក្រោយរបស់យើងទាំងអស់គ្នា។
គឺជាគ្រឿងឥស្សរិយយសខ្ពស់បំផុត ដែលផ្តល់ជូនជនស៊ីវិល ពីសំណាក់ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា»៕