FN ៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបរណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា វិស័យសុខាភិបាលនៅកម្ពុជា បានដើរស្មើមុខស្មើមាត់ជាមួយ បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក ទោះបីកម្ពុជាទើបឆ្លងផុតពីភ្លើងសង្គ្រាមស៊ីវិល ក្នុងរយៈពេលយ៉ាងខ្លីក៏ដោយ។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ពិធីប្រគល់សញ្ញាបត្រដល់ថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូននិស្សិតជ័យលាភី នៅសាកលវិទ្យាល័យ អន្តរជាតិ (IU) ចំនួន៤៣១នាក់ ដោយមានការចូលរួមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ផងដែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ក្រោមដំបូលសន្តិភាពបច្ចុប្បន្ននេះ វិស័យសុខាភិបាល យើងជាខ្មែរឥឡូវទៅបរទសស្មើមុខ ស្មើមាត់»។
លោក ហ៊ុន ម៉ាណែត បានបន្តថា បើប្រៀបធៀបកាលពិអតីតកាលនិស្សិតខ្មែរ អត់ហ៊ានបបួលមិត្តភក្ភិមកលេងស្រុកខ្មែរនោះទេ តែបច្ចុប្បន្ននេះ ឃើញមាននិស្សិតខ្មែរមួយចំនួន ដែលទៅសិក្សានៅបរទេស បានបបួលមិត្តភក្ភិរបស់ខ្លួនមកបើកគ្លីនិក ពហុព្យាបាល និងមន្ទីរពេទ្យនៅកម្ពុជា។ ទាំងនេះមកពីកម្ពុជា មានសុខសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ដែលនាំឲ្យក្រុមគ្រូពេទ្យខ្មែរ បានវិវត្តន៍នូវចំណេះដឹងរបស់ខ្លួន ឲ្យយ៉ាងរហ័សក្នុង ចំណោមបណ្តាប្រទេសនៅក្នុងតំបន់ និងលើសកលលោកផងដែរ។
លោកបានបញ្ជាក់ថា ចំពោះវិស័យសុខាភិបាល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាវិស័យអាទិភាពមួយដែលបានរុញ និងចំណាយថវិកាបណ្តុះបណ្តាលធនធានមនុស្ស លើលើវិស័យនេះដើម្បីពង្រឹងគុណភាព និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ តាមគ្រប់រូបភាពទាំងអស់។
ពាក់ព័ន្ធនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យសុខាភិបាលនេះ លោក ហ៊ុន ម៉ាណែត បានជំរុញឲ្យក្រុមនិស្សិតពេទ្យ ទន្តពេទ្យ ដែលទទួលជយលាភីក្នុងថ្ងៃនេះ ត្រូវបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យស្របទៅតាមវិជ្ជាជីវៈ និងសាកសមជាគ្រូពេទ្យ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ ចៀសវាងមានមតិរិះគន់ថា គ្រូពេទ្យខ្មែរ គ្មានចំណេះដឹងច្បាស់លាស់ ដូចអ្វីដែលបានរិះគន់កន្លងមក នៅលើបណ្តាញសង្គម (Facebook) ជាច្រើនលើគ្រូពេទ្យ៕