រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថា ជប៉ុននឹងបន្តជួយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជាក្នុងជំនួបជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត
FN ៖ នៅវេលាម៉ោង៣៖១០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយលោក អ៉ីត្យុណូរី អូណូដេរ៉ា (Itsunori Omodera) រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសជប៉ុន។ ក្នុងជំនួបនេះលោកបណ្ឌិត បានថ្លៃងអំណរគុណដល់ជប៉ុនដែលបានបញ្ជូនកងកម្លាំងស្វ័យការពារមកកម្ពុជា ក្នុងក្របខ័ណអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩១ ដើម្បីស្វែងរកសន្តិភាពនិងរៀបចំការបោះឆ្នោតនាពេលនោះ លើសពីនេះជប៉ុនក៏បានបន្តគាំទ្រលើផ្នែកបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជាជាបន្តបន្ទាប់ផងដែរ។ ជាការឆ្លើយតបលោករដ្ឋមន្ត្រីបានសម្តែងការស្វាគមន៏ដល់ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតនាពេលនេះ ហើយបានបញ្ជាក់ថាជប៉ុននឹងបន្តគាំទ្រកម្ពុជាដើម្បីពង្រឹង សមត្ថភាពមន្ត្រីយោធាកម្ពុជាលើវិស័យមួយចំនួន ដូចដែលបានអនុវត្តកន្លងមករួមទាំងកងកម្លាំងប្រតិបត្តិការរក្សាសន្តិភាពរបស់កម្ពុជា៕