FN ៖ អាកាសយានដ្ឋានអន្តរជាតិចំនួន៣ របស់កម្ពុជា នៅក្នុងឆ្នាំ២០១៨នេះ ទទួលបានអ្នកដំណើរធ្វើដំណើរឆ្លងកាត់បានប្រមាណ១០លាននាក់ គឺមានការកើនឡើង២លាននាក់ បើធៀបទៅនឹងឆ្នាំ២០១៧ ដែលបានទទួលចំណូលចូលរយលានដុល្លារផងដែរ។ ក្នុងពិធីអបអរសាទរការទទួលបានអ្នកដំណើរប្រមាណ១០លាននាក់ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុ) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលប្រារព្ធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, លោក Eric Delobel នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានថ្លែងថា «នេះជាមោទនភាពរបស់ប្រទេសកម្ពុជា បានបម្រើសេវាកម្មជូនអ្នកដំណើរចំនួន១០លាននាក់ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ ដែលនេះជាកំណត់ត្រាដំបូងបំផុត គឺមានការកើនឡើងចំនួន២លាន ធៀបនឹងឆ្នាំ២០១៧ មានតែ៨លាននាក់»។ លោកបានបន្តថា នៅឆ្នាំ១៩៩៥ ពេលក្រុមហ៊ុន Cambodia Airport ត្រូវបានផ្តល់ការទុកចិត្តឱ្យអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺមានអ្នកដំណើរប្រមាណតែ៥ម៉ឺននាក់ ដែលតិចជាង២០ដង បើធៀបនឹងបច្ចុប្បន្ន។
លោក Eric Delobel លើកឡើងថា ចំនួនអ្នកដំណើរមានការកើនឡើងនេះ ដោយមានការចូលរួមចំណែកពីរដ្ឋាភិបាល, ក្រសួងទេសចរណ៍, រដ្ឋលេខាធិការអាកាសចរស៊ីវិល, គយ និងរដ្ឋាករ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភ្នាក់ងារឯកជន តែងតែគាំទ្រជាប្រចាំ បានសហការគ្នាក្នុងការបង្កើតបទដ្ឋានស្តង់ដា ជាពិសេសទាក់ទងនឹងសន្តិសុខសុវត្ថិភាព និសការគាំពារបរិស្ថានផងដែរ។
លោក Eric Delobel បានបញ្ជាក់ថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិទាំង៣ កំពុងបម្រើសេវាកម្មជាង៦០ គោលដៅនៅទូទាំងពិភពលោក ធ្វើយ៉ាងណាឱ្យមានអ្នកដំណើរឆ្លងកាត់បានច្រើន ដោយកិច្ចពិភាក្សាជាប្រចាំជាមួយក្រុមហ៊ុនអាកាសចរណ៍នានា ធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិទាំង៣នេះ ក្លាយជាប្រតិបត្តិករ ដែលទុកចិត្តបានសម្រាប់បម្រើសេវាកម្មជូនដល់អ្នកដំណើរ។
ទន្ទឹមនឹងនេះដែរលោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ចំពោះការទទួលភ្ញៀវ១០លាននាក់ ក្នុងឆ្នាំ២០១៨នេះ បង្ហាញឱ្យឃើញពីការអភិវឌ្ឍន៍មួយដ៏ធំ។ ការឆ្លងកាត់អាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ដែលជាគោលនយោបាយរបស់រដ្ឋាភិបាល និងមានការចូលរួមពីវិស័យឯកជនផងដែរ។ ទាក់ទិនទៅនឹងចំណូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិទាំង៣នេះ លោក Eric Delobel មិនបានប្រាប់ពីចំនួនចំណូល ជាក់លាក់នោះទេ គ្រាន់តែលោកបញ្ជាក់ថា ចំណូលទទួលបានខ្ទង់រយលានដុល្លារអាមេរិកក្នុង១ឆ្នាំ៕