ឆ្នាំ២០១៩ភ្ញៀវទេសចរជាង ២លាននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលចំណូលជិត ១០០លានដុល្លារ
FN ៖ នៅឆ្នាំ២០១៩កន្លងទៅនេះ មានភ្ញៀវទេសចរបរទេសជាង ២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ តាមរយៈការលក់បណ្ណនេះ ទទួលបានចំណូលសរុបប្រមាណ ៩៩,០៨៨,៨៩៤ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។ សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ចំនួនអ្នកទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនេះ មានការថយជិត ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបង្ហាញដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ មានអ្នកទិញបណ្ណចូលទស្សនាប្រមាណ ២០៨,៤៣០នាក់ រកចំណូលបាន ៩,៥៣៣,៤២០ដុល្លារអាមេរិក។ គ្រឹះស្ថានអង្គរ ក៏បានឱ្យដឹងផងដែរថា ពេលពេញមួយឆ្នាំ២០១៩ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គ បានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៤,៤១១,៣៩៤ដុល្លារអាមេរិក៕