FN ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែសីហានេះថា ក្រសួងបានកំណត់កាលបរិច្ឆេទរួចហើយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
លោកបន្តថា ក្រសួងបានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋទូទាំងប្រទេស អាចបើកដំណើរការបង្រៀងសិស្សថ្នាក់ទី៩ និងទី១២ ឡើងវិញទូទាំងប្រទេសចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាតំណាក់កាលទី២ រហូតដល់បញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានឈប់សម្រាកវិស្សមកាលធំ។
លោកបន្តថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ត្រូវអនុវត្តតាមលក្ខខណ្ឌ តម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្ត នៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះ តាមតម្រូវការជាក់ស្តែង) និងត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ចុះថ្ងៃទី០៤ សីហា ឆ្នាំ២០២០៕