ក្រសួងសុខាភិបាល ប្រកាសអំពាវនាវឲ្យពលរដ្ឋខ្មែរ ទើបសម្រុកចេញពីថៃ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ
FN ៖ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលទើបសម្រុកចេញពីប្រទេសថៃ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ព្រមទាំងទៅជួបគ្រូពេទ្យ ឬមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់ នៅពេលដែលដឹងខ្លួនថា មានអាការៈមិនស្រួល ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នាកុំឲ្យ COVID-19 កាន់តែរីករាលដាលខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង។ ការចេញមកអំពាវនាវភ្លាមៗ របស់ក្រសួងសុខាភិបាលខាងលើនេះ ក្រោយពីគេសង្កេតឃើញថា ជាពិសេសនៅថ្ងៃនេះតែម្ដង ពលរដ្ឋខ្មែរបានសម្រុកនាំគ្នា ចាកចេញពីប្រទេសថៃ ជាប់ព្រំដែនជាមួយកម្ពុជា ក្រោយពីរដ្ឋាភិបាលថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ លើកលែងតែការដោះដូរទំនិញ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ខណៈដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ មានអ្នកឆ្លងកើនឡើងជិត៦០០នាក់។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានធ្វើការជាមួយកម្លាំងនគរបាល តាមច្រកទ្វារព្រំដែនទាំងអស់ អនុវត្តនូវវិធានបឋមតាមរយៈការពិនិត្យកំដៅរបស់បងប្អូនពលរដ្ឋខ្មែរ ដែលចេញពីប្រទេសថៃ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ថៃមានអត្រាអ្នកឆ្លងរហូតជិត៦០០នាក់ ដូច្នេះសូមលើកទឹកចិត្តបងប្អូនដែលមកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងទៅកាន់ក្រុមគ្រួសាររបស់គាត់…