FN ៖ រយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន (១២-១៤ កុម្ភៈ) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត ៩០ ម៉ឺននាក់ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិបានកើនឡើងប្រមាណ ៦% បើធៀបនឹងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០២០។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោករដ្ឋមន្ត្រីបានថ្លែងថា «ភ្ញៀវសរុបមានចំនួន ៨៩២,៦៣៨ នាក់ ថយចុះ ២.២៣% បើធៀបនឹងឆ្នាំ២០២០ ក្នុងនោះភ្ញៀវជាតិមមានចំនួន ៨៨០,៥៥៣ នាក់ កើនឡើង ៦.០៥% និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១២,០៨៥ នាក់ ថយចុះ ៨៥.៤០%»។
ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ រួមមាន៖
* ថ្ងៃទី១ ទី១២ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២០៥,០៧៥ នាក់
* ថ្ងៃទី២ ទី១៣ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ៤០៨,៥២១ នាក់
* ថ្ងៃទី៣ ទី១៤ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២៧៩,០៤២ នាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរយៈពេល៣ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ៖ ១១៨,៥០២ នាក់
* ខេត្តសៀមរាប៖ ១១៧,៧៨៩ នាក់
* ខេត្តកំពត៖ ១០២,០២៦ នាក់
* ខេត្តកែប៖ ៩២,៨០៤ នាក់
* ខេត្តព្រះសីហនុ៖ ៨២,០៦៥ នាក់
* ខេត្តកណ្តាល៖ ៧២,៥១០ នាក់
* ខេត្តបាត់ដំបង៖ ៦២,៤៦៤ នាក់
* ខេត្តកោះកុង៖ ៣៥,២២៥ នាក់
* ខេត្តកំពង់ស្ពឺ៖ ២៩,៧៧០ នាក់
* ខេត្តពោធិ៍សាត់៖ ២៤,៧២៣ នាក់។
ដោយសារពិធីបុណ្យប៉ះចំចុងសប្តាហ៍ (សុក្រ សៅរ៍ អាទិត្យ) លំហូរភ្ញៀវទេសចរផ្ទៃក្នុងមានភាពផុសផុលទូទាំងប្រទេស ហើយប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តក្នុងស្រុកច្រើន (ដោយសារកម្ពុជាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍បាន)។ ទន្ទឹមនឹងនេះ ក៏នៅមានប្រជាពលរដ្ឋខ្លះនៅមិនទាន់ត្រលប់ចូលមករាជធានីភ្នំពេញវិញទេ ហើយអាជីវកម្មមួយចំនួនក៏នៅបន្តបិទទ្វាររហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយតាមទម្លាប់អ្នកដែលជាប់ខ្សែស្រឡាយចិន ពួកគាត់ច្រើននៅបន្តដើរកម្សាន្តរហូតដល់ថ្ងៃស្អែកមួយថ្ងៃទៀត។
តាមការវាយតម្លៃបឋម ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តនៅគោលដៅជិតៗ ចេញទៅពេលព្រឹក ហើយត្រឡប់មកវិញពេលល្ងាច ការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារដែលសល់ពីការសែនមកតាមខ្លួនខ្លះ។ ទោះយ៉ាងណា លំហូរភ្ញៀវទេសចរទៅគ្រប់គោលដៅទេសចរណ៍នៅតាមបណ្តារាជធានីខេត្ត នៅតែចលករសំខាន់ក្នុងការទ្រទ្រង់វិស័យទេសចរណ៍មួយផ្នែក និងបង្កើតប្រាក់ចំណូលទៅដល់បងប្អូនប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនផងដែរ។
គ្រប់គោលដៅទេសចរណ៍ បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានីខេត្ត ប៉ុន្តែនៅតាមគោលដៅទេសចរណ៍ដែលពលរដ្ឋសម្រុកទៅកម្សាន្តច្រើនក្នុងពេលតែមួយ នៅមិនទាន់អាចអនុវត្តបានពេញលេញនៅឡើយ។
ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ បញ្ហាសំរាម គ្រប់គ្រងបានល្អជាងមុន តែនៅតែមានបញ្ហានៅកន្លែងមួយចំនួននៅឡើយ៕