ប្រមុខក្រសួងទេសចរណ៍៖ ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេស ជាង៤លាននាក់ ចាយលុយអស់២០០លានដុល្លារ
FN ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧នេះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចេញដើរកម្សាន្តនៅទូទាំងប្រទេស មានចំនួនជាង៤លាននាក់ ដោយបានចំណាយលុយអស់ប្រមាណ២០០លានដុល្លារអាមេរិក នេះបើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។ លោករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា «ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដែលបានដើរកម្សាន្តទូទាំងប្រទេសមានចំនួន ៤,១៨៩,៧៥១នាក់ កើន៣៣.៦% និងទេសចរអន្តរជាតិ ៦៥,៦៩៤នាក់ កើន៦.៦% ចំណាយលុយអស់ប្រមាណ ២០០លានដុល្លារអាមេរិក»។ បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរដែលចេញទស្សនានៅទូទាំងប្រទេស រួមមាន៖ * រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១៤៥,០០៣នាក់។ * ខេត្តសៀមរាប និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១,៨៧៤,៦២៧នាក់។ * ខេត្តជាប់សមុទ្រ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣៨៩,០៥២នាក់។ * ខេត្តភាគខាងជើង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ២៤០,២២៩នាក់។ * ខេត្តបាត់ដំបង និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៥៣៦,២៩១នាក់។ * ខេត្តផ្សេងទៀតទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១,០៧០,២៤៣នាក់៕