FN ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដើម្បីពង្រឹងស្ថិរភាពប្រព័ន្ធធនាគារ និងកាត់បន្ថយហានីភ័យការដួលរំលំ នៃធនាគារ, ធនាគារទាំងអស់ត្រូវតែសម្រេចគោការណ៍ចម្បងសំខាន់ៗ ២យ៉ាងឲ្យបានសម្រេច។ គោលការណ៍ទី១ ស្ដីពីអ្នកខ្ចីចុងក្រោយ និងទី២ គោលការណ៍ស្ដីពីភាពគ្រប់គ្រងនៃដើមទុន។
ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើងក្នុងបើកវគ្គ បណ្តុះបណ្តាលត្រួតពិនិត្យធនាគារដល់មន្ត្រី ចំនួន៤៧រូបមកពីស្នាក់ការកណ្តាល និងគ្រប់សាខារាជធានី-ខេត្ត ក្នុងវគ្គ «បាគង៣» កម្រិតមូលដ្ឋានស្ដីពីការត្រួតពិនិត្យធនាគារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ជា ចាន់តូ បានថ្លែងថា គោលការណ៍ និងវិធីសាស្ត្រស្ដីពី ការត្រួតពិនិត្យធនាគារមានការវិវដ្ដប្រែប្រួលឥតឈប់ឈរ ឡើយ ហើយនាថ្ងៃអនាគតទៅមុខទៀត ក៏នៅតែបន្តការវិវដ្ដប្រែប្រួល បន្ថែមទៀតដូចនេះហើយ បានជាមានពាក្យថា ក្របខណ្ឌត្រួតពិនិត្យ (Basel 1 ,Baesl 2)ហើយឥឡូវនេះ គឺគេនិយាយអំពី Basel3វិញ និងមានក្របខណ្ឌមួយចំនួនទៀតផងដែរ ក្នុងការផ្ទៀងផ្ទាត់ និងវិច្ឆ័យសុខភាពគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ធនាគារជាតិនៃកម្ពុជាក៏បានជួយក្របខណ្ឌត្រួតពិនិត្យមួយបន្ថែមទៀត ដែលផ្ដោតទៅលើប្រតិបត្តិការ ឬធនាគារដែលមានហានិភ័យ ហើយក្របខណ្ឌត្រួតពិនិត្យថ្មីនាបច្ចុប្បន្ននេះគឺ Forward Looking Supervision ដែលជាក្របខណ្ខមួយតម្រូវឲ្យមន្ត្រីត្រួតពិនិត្យចេះប្រមើល មើលនិន្នាការធុរកិច្ច និងហានិភ័យ ។ នេះបើតាមលោកជា ចាន់តូ គូសបញ្ជាក់បន្ថែម។
ទោះបីជាធនាគារជាតិនៃកម្ពុជាមានក្របខណ្ឌផ្សេងៗនិងយន្តការណ៍ជាច្រើនសម្រាប់ការងារត្រួតពិនិត្យធនាគារនេះក៏លោក ជា ចាន់តូ នៅតែជម្រុញឲ្យអាជ្ញាធរត្រួតពិនត្យ ធនាគារមិនត្រូវតែយកចិត្តទុកដាក់កលើវិធានការប្រុងប្រយ័ត្នកម្រិត មីក្រូប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែ ចាប់ផ្ដើមយកចិត្តទុកដាក់បន្ថែមទៀតដល់វិធានការប្រុងប្រយ័ត្នថ្នាក់មីក្រូថែមទៀត។ ដូចនេះមន្ត្រីត្រួតពិនិត្យរបស់ធនាគារជាតិ នៃកម្ពុជា ត្រូវចេះធ្វើបច្ចុប្បន្នកម្មចំណេះដឹងនិងជំនាញរបស់ខ្លួន ដើម្បីដើរឲ្យទាន់សភាពការណ៍វិវដ្ដប្រែប្រួលទាំងនេះ។
ការផ្ដល់ចំណេះដឹងមូលដ្ឋានអំពីប្រតិបត្តិការគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងក្របខណ្ឌត្រួតពិនិត្យ ធនាគារ និងការអនុវត្តការងារ ត្រួតពិនត្យត្រូវប្រកបដោយសីលធ៌មវិជ្ជាជីវៈនោះទើបធ្វើឲ្យ ការរួមចំណែករក្សាស្ថិរភាពប្រពន្ធ័ធនាគារ និងគាំទ្រដល់ការរីកចម្រើន សេដ្ឋកិច្ចជាតិ ដែលកំពុងមានការកោតសរសើរយ៉ាងខ្លាំងជុំវិញមជ្ឈដ្ឋានជាតិ និងអន្តរជាតិនោះបាន។
សូមបញ្ជាក់ថា តាមការបញ្ជាក់ពីលោក ចាត សូវិរៈ ប្រធាននាដ្ឋានបុគ្គលិកបានឲ្យដឹងដែរថា គិតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជា បានបើកវគ្គ «បាគង» កម្រិតមូលដ្ឋានស្ដីពីការត្រួតពិនិត្យធនាគារនេះ បានចំនួន៣វគ្គហើយ ដែលវគ្គទី១ធ្វើក្នុងឆ្នាំ២០១២, វគ្គទី២ធ្វើ ក្នុងឆ្នាំ២០១៣ និងវគ្គទី៣ គឺធ្វើនៅថ្ងៃទី២៣ខែឧសភានេះ ដែលមួយវគ្គៗមានរយៈពេល៤សប្ដាហ៍ ដោយផ្ដោតទៅលើចំណេះដឹង លើជំនាញបច្ចេកទេស និងបទពិសោធន៍ ជាមូលដ្ឋានអំពីប្រតិបត្តិការ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្របខណ្ឌត្រួតពិនិត្យធនាគារ ការវិច្ឆ័យ និងការគ្រប់គ្រងហានិភ័យ ព្រមទាំងការការពារព័ត៌មាន និងការអនុវត្តការងារប្រកបដោយ សីលធ៌មវិជ្ជាជីវៈ៕