ថ្ងៃនេះខួបឆ្នាំទី៩, តើប្រាសាទព្រះវិហារ មានគុណតម្លៃបែបណា ទើបក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក ?
FN ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួបឆ្នាំទី៩ ដែលប្រជាជាតិខ្មែរទំាងក្នុង និងក្រៅប្រទេសមានមោទនភាព និងសេចក្ដីអំណរសាទរយ៉ាងក្រៃលែង ដែលប្រាសាទព្រះវិហារ បានក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក។ តើប្រាសាទព្រះវិហារមានគុណតម្លៃបែបណា ទើបក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក? អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាជាទូទៅប្រទេសនីមួយៗដែលមានសម្បត្ដិវប្បធម៌ និងមានបំណងស្នើសុំចុះឈ្មោះរមណីដ្ឋានវប្បធម៌ ណាមួយរបស់ខ្លួនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺត្រូវគោរពតាមគោលការណ៍ និងបំពេញនូវលក្ខណៈវិនិច្ឆ័យណាមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទំាងនេះ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក មានជាអាទិ៍៖ ១៖ តំណាងឲ្យស្នាដៃឯក មានតម្លៃលេចធ្លោជាសាកល នៃទេពកោសល្យច្នៃប្រឌិតរបស់មនុស្សជាតិ។ ២៖ ជៈឥទ្ធិពលខ្លាំងក្លា លើការរីកចំរើននៃស្ថាបត្យកម្មប្រាសាទ សិល្បៈ ព្រមទំាងការរៀបចំទឹកដីក្នុងរយៈពេលមួយ និងក្នុងតំបន់ពិសេសមួយ។ និង ៣៖ ជាសក្ខីភាពដាច់ដោយទ្បែកពីគេ នៃអារ្យធម៌ពីអតីតកាល ជាដើម។ ដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យខាងលើនេះ ចំពោះប្រាសាទព្រះវិហារ ដែលត្រូវបានអង្គប្រជុំ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ ប្រកាសជាផ្លូវការបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដានោះ គឺប្រាសាទព្រះវិហារបានគោរពតាមលក្ខណៈវិនិច្ឆ័យជា«ស្នាដៃឯក» មានតម្លៃលេចធ្លោជាសាកល។ ទន្ទឹមនិងនេះ ប្រាសាទព្រះវិហាក៏នៅមានគុណតម្លៃបីយ៉ាងទៀតផងដែរ ជាអាទិ៍៖ ទីមួយ៖ ប្រាសាទព្រះវិហារបង្ហាញ «ទ្វិកភាព» មានន័យថា…