FN ៖ លោក ហ៊ុន ម៉ាណែត បានលើកឡើង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះថា នៅដើមខែសីហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការថ្មីមួយចំនួនទៀត ដើម្បីផ្តល់ភាពស្របច្បាប់ជូនពលករខ្មែរ ដែលកំពុងធ្វើការងារនៅប្រទេសថៃ។
ការអះអាងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅលើទំព័រ Facebook បន្ទាប់ពីលោកបានចូលរួមប្រជុំពិភាក្សាការងារជាមួយក្រុមការងាររបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ។ កិច្ចពិភាក្សានេះ គឺផ្តោតទៅលើការវាយតម្លៃការងារកន្លងមកនិងរិះរកមធ្យោបាយនានា ដើម្បីបង្កើនល្បឿន ក្នុងការផ្តល់លិខិតឆ្លងដែននិងលិខិត ធ្វើដំណើរជូនដល់បងប្អូនពលករខ្មែរនៅប្រទេសថៃ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា «កន្លងទៅរាជរដ្ឋាភិបាលបានចាត់វិធានការ ជាច្រើននិងជាបន្តបន្ទាប់ដើម្បីជួយដល់បងប្អូនពលករខ្មែរយើងនៅប្រទេសថៃ ដូចជាការបញ្ជូនមន្ត្រីទៅធ្វើលិខិតឆ្លងដែន និងលិខិតធ្វើដំណើរជូនពលករខ្មែរយើងនៅក្នុងប្រទេសថៃ ការបញ្ជូនក្រុមការងារដើម្បីបើកលិខិតឆ្លងដែនជូនពលករខ្មែរយើងនៅទីក្រុងបាងកក និងតាមបណ្តាខេត្តមួយចំនួន ដែលជាលទ្ធផល ក្រុមការងារបានប្រគល់លិខិតឆ្លងដែននិងលិខិតធ្វើដំណើរជាង ៧ម៉ឺនក្បាលជូនដល់ បងប្អូនពលករខ្មែរក្នុងរយៈពេលកន្លងមកនេះ»។
លោកបានបន្តថា ទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ថែមជាបន្តបន្ទាប់ទៀត ដើម្បីជួយឱ្យការផ្តល់ភាពស្របច្បាប់ជូនបងប្អូនពលករខ្មែរ កាន់តែប្រព្រឹត្តិទៅដោយរលូននិងប្រសិទ្ធភាព។ ជាក់ស្តែងចាប់ពីដើមខែសីហានេះ រាជរដ្ឋាភិបាលបានរៀបចំជាយុទ្ធនាការថ្មីមួយដែលរួមមានវិធានការមួយចំនួនដូចជា៖
១៖ បន្ថែមចំនួនមន្ត្រីក្រុមការងារ ដើម្បីជួយបង្កើនល្បឿនក្នុងការបើកចែកលិខិតឆ្លងដែននិងលិខិតធ្វើដំណើរ
២៖ បង្កើនក្រុមការងារតាមបណ្តាខេត្តមួយចំនួនដែលមានពលករខ្មែរធ្វើការច្រើន និងសម្រួលនិតិវិធីដើម្បីអោយបងប្អូនពលករអាចស្នើសុំនិង ទទួលលិខិតឆ្លងដែននិងលិខិតធ្វើដំណើរនៅខេត្តទាំងនោះ ដោយមិនចាំបាច់ធ្វើដំណើរមកទីក្រុងបាងកក
៣៖ រៀបចំក្រុមការងារចុះចែកលិខិតឆ្លងដែន និងលិខិតធ្វើដំណើរដល់ពលករ ផ្ទាល់នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានពលករខ្មែរធ្វើការច្រើន
៤៖ រៀបចំក្រុមការងារថ្មី ដើម្បីទទួលពាក្យស្មើសុំធ្វើលិខិតធ្វើដំណើរថ្មី សម្រាប់ពលករដែលមិនធ្លាប់បានដាក់ពាក្យសុំពីមុនមក។
លោកបានបន្តទៀតថា «ដើម្បីកាត់បន្ថយការរង់ចាំរបស់បងប្អូនពលករ ក្នុងយន្តការថ្មីនេះ ក្រុមការងារបានរៀបចំលក្ខណៈដើម្បីធ្វើលិខិតធ្វើដំណើរឱ្យបានចប់សព្វគ្រប់ និងប្រគល់ជូនបងប្អូនពលករយើងក្នុងថ្ងៃដដែលតែម្តង ដោយមិនចាំបាច់រង់ចាំដូចលើកមុន។ ក្រៅពីនោះគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បានស្នើសុំឱ្យភាគីថៃជួយសម្រួលដល់ការផ្តល់ Stay Permit និង Work Permit ដល់បងប្អូនពលករខ្មែរដែលបានទទួលលិខិតឆ្លងដែន និងលិខិតធ្វើដំណើរអោយបានឆាប់រហ័សផងដែរ»៕