រដ្ឋមន្ដ្រីក្រសួងអប់រំ ស្នើឲ្យអភិបាលរាជធានី-ខេត្ត ទប់ស្កាត់កុំឲ្យសណ្ឋាគារ និងផ្ទះសំណាក់ដំឡើងថ្លៃ ពេលប្រឡងបាក់ឌុប និងសម្រួលចរាចរណ៍ឲ្យបេក្ខជនចូលប្រឡងទាន់ពេល
FN ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ស្នើឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវទប់ស្កាត់កុំមានការដំឡើងថ្លៃសណ្ឋាគារ និងផ្ទះសំណាក់ ដើម្បីជួយសម្រាលបន្ទុកដល់បេក្ខជន ដែលមកពីគ្រួសារមានជីវភាពលំបាក។ នេះតាមលិខិតរបស់លោករដ្ឋមន្ដ្រី ផ្ញើជូនអភិបាលរាជធានី-ខេត្តទាំង២៥ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចនេះ។ ក្រៅពីការទប់ស្កាត់កុំឲ្យមានការតម្លើងថ្លៃនេះ លោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុង ក៏បានប្រាប់ថ្នាក់ដឹកនាំខេត្ត សម្រួលរៀបចំឲ្យសិស្សស្នាក់នៅក្នុងវត្ត និងសាលារៀនដែលនៅជិតមណ្ឌលប្រឡង, សម្រួលចរាចរណ៍ដើម្បីឲ្យបេក្ខជនបានចូលប្រឡងទាន់ពេលកំណត់, ការផ្ញើកង់ ម៉ូតូ និងស្ថិរភាពចរន្ដអគ្គិសនី នៅតាមមណ្ឌលប្រឡង។ សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ហើយប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕