FN ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ ក្រុមការងារបច្ចេកទេសចរចាប្រាក់ឈ្នួល ដែលមានភាគីខាងរាជរដ្ឋាភិបាល ភាគីថៅកែរោងចក្រ និងសហជីព នឹងបើកការចរចាគ្នាលក្ខណៈត្រីភាគី ដើម្បីសម្រេចចំពោះការដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរ និងស្បែកជើង សម្រាប់ឆ្នាំ២០១៨ ខណៈដែលភាគីខាងសហជីព បានឯកភាពគ្នាស្នើយកតួលេខ ១៧៦.២៥ដុល្លារ។
លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងជាប្រធានសហព័ន្ឋសហជីពកម្មករកម្ពុជា បានឱ្យដឹងថា
សម្រាប់ការងារចរចានៅឆ្នាំ២០១៧ នេះគឺយើងមានរយៈពេល៤ខែគឺចាប់ពីខែកក្កដាដល់តុលា។ ដូចនេះយើងនៅសល់ពេលមិនដល់១ខែទៀតទេ សម្រាប់ពិភាក្សាសម្រេចការតម្លើងប្រាក់ឈ្នួលអប្បបរមាកម្មករនៅឆ្នាំ២០១៨ ។
លោក សោម អូន បានបន្ថែមថា យោងតាមកិច្ចពិភាក្សារបស់ក្រុមសហជីពគ្រប់និន្នាការនយោបាយ បានឯកភាពគ្នាសម្រេចយកចំនួន ១៧៦.២៥ សម្រាប់ដាក់នៅក្នុងរបៀបវារៈប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសចរចាប្រាក់ឈ្នួល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នាសាលប្រជុំក្រសួងការងា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោក សោម អូន បានបញ្ជាក់ដោយសុទិដ្ឋិនិយមថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅឆ្នាំ២០១៨ខាងមុខនេះ នឹងទទួលបានលទ្ឋផលល្អប្រសើរ ជាងបណ្តាឆ្នាំកន្លងមក ដោយសារកត្តាសេដ្ឋកិច្ច និងកត្តាសង្គមមានលក្ខណៈល្អប្រសើរ។
សូមបញ្ជាក់ថា តាមការប្រកាសរបស់ក្រសួងការងារ បានឱ្យដឹងថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ ត្រូវអនុវត្តតាមប្រតិទិន ដូចតទៅ៖ កំណត់យកខែកក្កដា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអបប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ កំណត់យកខែសីហា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី។ កំណត់យកខែកញ្ញា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី។ កំណត់យកដើមខែតុលា ឆ្នាំ២០១៧ ជាការបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨ ហើយកំណត់យក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ចេទចូលជាធរមាននៃប្រាក់ឈ្នួលអប្បបរមានោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានប្រកាសធានាអះអាងថា នៅឆ្នាំ២០១៨ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែងជើងនៅក្នុងប្រទេសកម្ពុជា នឹងមិនតិចជាង១៦០ដុល្លារនោះទេ ខណៈដែលឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ មានចំនួនទាបបំផុត ១៥៣ដុល្លារ ដោយមិនទាន់រាប់បញ្ចូលទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត៕