សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម សិក្សាអំពីនីតិវិធី ក្នុងការធ្វើលិខិតឆ្លងដែនឲ្យបានឆាប់ សម្រាប់កាត់បន្ថយការចេញទៅធ្វើការ ក្រៅប្រទេសដោយខុសច្បាប់
FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ធ្វើការសិក្សាពីនីតិវិធី ក្នុងការពន្លឿនការផ្ដល់លិខិតឆ្លងដែន ជូនដល់ប្រជាពលរដ្ឋ និងពលករដែលធ្វើការនៅក្រៅប្រទេសឲ្យបានលឿន និងឆាប់រហ័សក្នុងគោលដៅជួយកាត់បន្ថយ ការចេញទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងការជួញដូរមនុស្ស។ ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់អនុវត្ដន៍ឆ្នាំ២០១៧-២០១៨ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការពន្លឿននីតិវិធីក្នុងការធ្វើលិខិតឆ្លង ដែនឲ្យបានលឿន និងឆាប់រហ័សនេះ ក្នុងគោលដៅចៀសវាង កាត់បន្ថយការចំណាយ ពេលវេលាថវិការបស់ប្រជាពលរដ្ឋ និងពលករដែលមកធ្វើលិខិតឆ្លងដែន។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការធ្វើលិខិតឆ្លងដែននេះ ត្រូវកំណត់ឲ្យបានច្បាស់លាស់ថា តើមានរយៈពេលប៉ុន្មានថ្ងៃ មាន២ថ្ងៃ ឬ៣ថ្ងៃយ៉ាងយូរ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ដោយខុសច្បាប់ និងការជួញដូរមនុស្សផងដែរ។ សម្ដេច ស ខេង បានលើកឡើងថា កន្លងមកពលករកម្ពុជា ដែលបានចេញទៅ ធ្វើការនៅក្នុងប្រទេសថៃ ឬប្រទេសផ្សេងទៀតមួយចំនួន មិនមានលិខិតឆ្លងដែនទេ ដោយសារតែការធ្វើលិខិតឆ្លងដែន មានការពិបាក និងមានរយៈពេលយូររហូតដល់១ខែ…