ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានជិត៤ពាន់លានដុល្លារ កើនឡើង១៤.៥% នៅ៥ខែឆ្នាំ២០២២
FN ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបាន ៣ ៨៤០លានដុល្លារអាមេរិក កើនឡើង១៤.៥ភាគរយ នៅរយៈពេល៥ខែឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។ របាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «ទំហំពាណិជ្ជកម្មទ្វេភាគីរយៈពេល៥ខែ ឆ្នាំ២០២២ រវាងកម្ពុជា-ថៃ មានទឹកប្រាក់ ៣.៨៤ប៊ីលានដុល្លារអាមេរិក កើនឡើង១៤.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ៣.៣៥ប៊ីលានដុល្លារ»។ ប្រភេទទំនិញដែលកម្ពុជា បានលក់ទៅឲ្យប្រទេសថៃរួមមាន ផលិតផលកសិកម្ម វត្ថុធាតុដើម ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ ខណៈថៃលក់មកឱ្យវិញនូវផលិតផលសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម។ សម្រាប់ខែឧសភាឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់សរុប ៩២៣.២លានដុល្លារ កើនឡើង ២៤.៥ភាគរយ បើធៀបនឹងខែមេសាមានទឹកប្រាក់ ៧៤១.៥លានដុល្លារអាមេរិក។…