ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
FN ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត៖ ផ្អែកតាមលទ្ធផលការងារសម្រេចបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានខិតខំបំពេញការងារ រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ។ ជាពិសេសការងារកែទម្រង់ផ្ទៃក្នុងក្រសួង, ការពង្រឹងការប្រមូលចំណូល និងការគ្រប់គ្រងចំណាយ, ការកៀរគរ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬ ហៅថា វិស័យឌីជីថល ឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងកំពុងស្ថិតនៅក្នុងនិន្នាការនៃយុគផ្លាស់ប្តូរមួយ…