កម្ពុជានាំចេញអង្ករ បានជាង៦៣ម៉ឺនតោន កើនឡើង១៧%
FN ៖ នៅឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបាន ជាង៦៣ម៉ឺនតោន កើនឡើង១៧% បើធៀបនឹងឆ្នាំ២០១៦។ របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ បានបញ្ជាក់ថា ពេញ១ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេស បាន៦៣៥,៦៧៩តោន កើតឡើង១៧.៣០% បើធៀបទៅនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ៥៤២,១៤៤តោនប៉ុណ្ណោះ។ យោងតាមរបាយការណ៍ដដែល បានបញ្ជាក់ទៀតថា អង្កររបស់កម្ពុជា បាននាំចេញទៅកាន់ប្រទេសជាង៦០នៅលើ ពិភពលោក ក្នុងនោះនាំទៅកាន់ប្រទេសចិនច្រើនជាងគេ ដែលមានចំនួនជិត២០ម៉ឺនតោន, ប្រទេសបារាំងជិត៨ម៉ឺនតោន និងប្រទេសប៉ូឡូញជាង៤ម៉ឺនតោន។ របាយការណ៍បានបន្ថែមទៀតថា ក្រុមហ៊ុនដែលនាំចេញអង្ករ ទៅកាន់បរទេសមានចំនួន៨៤ក្រុមហ៊ុន ក្នុងនោះដែលក្រុមហ៊ុនដែលនាំចេញបានច្រើនជាងគេរួមមាន៖ ក្រុមហ៊ុន Cristal Rice នាំចេញបានជាង៧ម៉ឺនតោន , ក្រុមហ៊ុនបៃតង ជាង៦ម៉ឺនតោន និងក្រុមហ៊ុន City Rice ចំនួនជាង៥ម៉ឺនតោន៕