FN ៖ សមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋាភិបាល ដើម្បីអាចនាំចូលអំបិលពីប្រទេសចិន ដោយសារតែអំបិលកម្ពុជា កំពុងប្រឈមការខ្វះខាត់ក្នុងការផ្គត់ផ្គត់ ព្រោះក្នុងឆ្នាំនេះភ្លៀងធ្លាក់ច្រើន មិនអាចផលិតអំបិលបាន។
លោក លី សេង ប្រធានសមាគមអំបិលខេត្តកំពត ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងឆ្នាំនេះការផលិតអំបិលស្ទើរតែមិនបានសោះ ដោយសារតែមេឃភ្លៀងធ្លាក់ជាប់រហូត។ ជាមួយគ្នានេះអំបិលដែលនៅក្នុងស្ដុកមានត្រឹមប្រមាណ៤-៥ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះសមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋាភិបាល នាំចូលអំបិលពីប្រទេសចិន ដើម្បីផ្គត់ផ្គង់បន្ថែមដល់កម្ពុជា។
លោកបានបន្ថែមថា «ការស្នើសុំនេះគ្រោងនឹងដាក់ចូលទៅកាន់រាជរដ្ឋាភិបាលនៅខែសីហា នៅពេលដែលអំបិលនៅក្នុងស្ដុកជិតអស់ ដែលបច្ចុប្បន្នអំបិល នៅក្នុងស្ដុកមានប្រមាណត្រឹមតែ៤-៥ម៉ឺនតោនប៉ុណ្ណោះ ហើយចំនួននេះ មិនអាចផ្គត់ផ្គង់លើទីផ្សារគ្រប់គ្រាន់នោះទេ»។
លោកថា ប្រទេសជិតខាងដែលអាចស្នើការនាំចូលអំបិល មានតែប្រទេសចិនប៉ុណ្ណោះ ព្រោះចិនផលិតអំបិលពីទឹកសមុទ្រដូចកម្ពុជា។ ចំណែកឯងប្រទេសថៃវិញក៏មានអំបិលដែរ ប៉ុន្ដែគេផលិតពីរ៉ែ ដូច្នេះមិនត្រូវគ្នាក្នុងការប្រើប្រាស់ជាមួយត្រីប្រហុកនៅកម្ពុជាឡើយ ដូច្នេះមានតែប្រទេសចិនប៉ុណ្ណោះដែលអាចស្នើនាំចូលអំបិលមកបាន។
លោក លី សេង បានបញ្ជាក់បន្ថែមទៀតថា សមាគមអំបិលគ្រោងនឹងនាំចូលអំបិលត្រឹម៣ម៉ឺនតោនតែប៉ុណ្ណោះពីប្រទេសចិន ដើម្បីមកផ្គត់ផ្គង់នៅកំឡុងខែវិច្ឆិកា-ធ្នូ ព្រោះថាអំបិលក្នុងស្ដុកនឹងអស់នៅកំឡុងខែកញ្ញានេះ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំការផលិត និងប្រមូលផលអំបិលនៅក្នុងខេត្តកែប និងកំពត ធ្វើឡើងចាប់ពីខែកញ្ញារហូតដល់ខែមេសា។ ដោយឆ្នាំខ្លះការផលិតអំបិលលើសតម្រូវការ តែឆ្នាំខ្លះទៀតខ្វះខាតដោយអាស្រ័យទៅលើអាកាសធាតុ មានន័យថា បើមានភ្លៀងខ្លាំងអំបិល នឹងមិនអាចទទួលផលឡើយ ជាក់ស្ដែងដូចក្នុងឆ្នាំ២០១៨នេះ ដោយសារតែភ្លៀងធា្លក់មិនឈប់ធ្វើឲ្យការផលិតអំបិល ទទួលបានត្រឹមតែ១ពាន់តោនប៉ុណ្ណោះ ដូច្នេះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់បានឡើយ៕