FN ៖ លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្ដរជាតិ ហើយអតិរេកស្រូវ បានកើនឡើងដល់ប្រមាណ៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការលើកឡើងយ៉ាងដូច្នេះ របស់លោកបណ្ឌិត ហ៊ាន វណ្ណហន បានធ្វើឡើងក្នុងពិធីប្រគល់ទទួលសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម របស់គម្រោងជំរុញ ផលិតកម្មស្បៀងជាលើកទី៣ ជូនដល់មន្ត្រីអនុវត្ត គម្រោងកសិករផលិតបន្លែ និងសហគមន៍កសិកម្ម ដែលចូលរួមសហការអនុវត្តក្នុងគម្រោង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ។
លោកបណ្ឌិត ហ៊ាន វណ្ណហន បានឲ្យដឹងថា យោងតាមការសិក្សារបស់អ្នកជំនាញ ក្នុងចំណោមផ្ទៃដី ដាំដុះស្រូវសរុបជាង៣លានហិកតា មានតែផ្ទៃដី២០%ប៉ុណ្ណោះ ដែលត្រូវបានដាំដុះ ដោយប្រើប្រាស់ពូជស្រូវ មានគុណភាពល្អ។
លោកថា កសិករភាគច្រើនពឹងផ្អែក លើការទុកដាក់ស្រូវចំណី សម្រាប់ធ្វើជាស្រូវពូជ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យគុណភាពស្រូវកាន់តែធ្លាក់ចុះ ហើយមានកសិករមួយចំនួន បានយល់ដឹងពីអត្ថប្រយោជន៍ នៃគ្រាប់ពូជស្រូវសុទ្ធ ប៉ុន្តែខ្វះលទ្ធភាពទិញពូជនោះមកប្រើប្រាស់ ដោយសារវាមានតម្លៃថ្លៃ។
អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា គេប៉ាន់ប្រមាណថា ត្រឹមឆ្នាំ២០២០តម្រូវការគ្រាប់ពូជស្រូវ ក្រអូបមានគុណភាពល្អ មានប្រហែល ៥០,០០០តោន ក្នុងមួយឆ្នាំ ប៉ុន្តែគិតត្រឹម ឆ្នាំ២០១៥ ការផ្គត់ផ្គង់គ្រាប់ពូជស្រូវមានគុណភាពល្អមានប្រហែល ៣៨,៥០០តោនប៉ុណ្ណោះ ក្នុងមួយឆ្នាំ នេះមានន័យថា ផលិតកម្មគ្រាប់ពូជស្រូវសុទ្ធល្អ នៅមិនទាន់បំពេញតម្រូវការ នៅឡើយ។
លោកបានបន្ថែមទៀតថា «ទោះបីយើងមិនទាន់អាចសម្រេចបាន នូវការនាំចេញអង្ករ១លានតោន គិតមកទល់នឹងពេលនេះក្តី តែយើងបានធ្វើឲ្យអង្ករកម្ពុជា ត្រូវបានទទួលស្គាល់ជា អន្តរជាតិ ហើយអតិរេកស្រូវ បានកើនឡើងដល់ប្រមាណ៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានក្លាយជាប្រភពដ៏សំខាន់ នៅក្នុងការធានាបាននូវ ស្ថិរភាពនៃប្រភពស្រូវ ដើម្បីធ្វើការកែច្នៃ សម្រាប់នាំអង្ករចេញ»។
ជាមួយគ្នានេះ កញ្ញាបណ្ឌិត ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា នៅក្នុងកម្មវិធីប្រគល់ទទួលនៅថ្ងៃនេះ អគ្គនាយកដ្ឋានកសិកម្ម នឹងប្រគល់ សម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម រួមមាន៖
១៖ ម៉ាស៊ីនច្រូតកន្ត្រៃចំនួន៤៥គ្រឿង
២៖ ម៉ាស៊ីនបោកស្រូវចំនួន៤៥គ្រឿង
៣៖ ម៉ាស៊ីនរោយសម្អាតគ្រាប់ពូជចំនួន៥០គ្រឿង
៤៖ ឧបករណ៍វាស់សំណើម គ្រាប់ពូជស្រូវចំនួន៣០គ្រឿង
៥៖ ឧបករណ៍វាស់ជាតិពុល ក្នុងបន្លែចំនួន៥០គ្រឿង
៦៖ ប្រព័ន្ធស្រោចស្រពទំនើប ចំនួន៨២០ឈុត ដល់កសិករ និងសហគមន៍កសិកម្ម ទទួលផលពីគម្រោង កសិដ្ឋាន-ស្ថានីយផលិត ពូជស្រូវក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅទាំង១១។
កញ្ញាបណ្ឌិត ចាន់ ផលលឿន បានបន្ថែមទៀតថា លើសពីនេះ ដោយប្រើប្រាស់ថវិកា របស់គម្រោងជំរុញផលិតកម្មស្បៀង អគ្គនាយកដ្ឋានកសិកម្ម បានបំពាក់សម្ភារ-បរិក្ខារ ដល់កសិដ្ឋាន ស្ថានីយ និងមណ្ឌលអភិវឌ្ឍន៍ក្រោមឱវាទ អគ្គនាយកដ្ឋានកសិកម្ម ដែលក្នុងនោះរួមមាន៖ កៅអីអាចបត់ បានចំនួន៥៥០គ្រឿង, តុសិក្ខាកាមចំនួន២៧៥គ្រឿង, គ្រែអាចបត់បានចំនួន ៥៥០គ្រឿង និងទូដាក់សំលៀកបំពាក់ ចំនួន១១០គ្រឿង៕