ពលករបរទេសជាង១០ម៉ឺននាក់ ធ្វើការនៅកម្ពុជាដោយគ្មានប័ណ្ណការងារ, ក្រសួងមហាផ្ទៃ និងក្រសួងការងារ ប្រកាសទុករយៈពេល១ខែ មុនចាត់វិធានការណ៍ច្បាប់
FN ៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់យ៉ាងដាច់ណាត់ ឬឈានដល់ការបណ្ដេញពីកម្ពុជា ចំពោះពលករបរទេស ជាង១០ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយគ្មានប័ណ្ណការងារ ដែលនាំឲ្យខាតបង់ប្រាក់ចំណូលចូលរដ្ឋ ប្រមាណ២០លានដុល្លារក្នុងមួយឆ្នាំ។ នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងលោក សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ដូចគ្នាថា ក្រសួងទុករយៈពេល១ខែជូនពលករបរទេស ដើម្បីមកចុះបញ្ជីការងារស្របតាមច្បាប់ ពោលគឺក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមអធិការកិច្ចចម្រុះនៃអន្ដរក្រសួង នឹងចុះពិនិត្យស្រាវជ្រាវលើករណីនេះ។ ការឲ្យដឹងបែបនេះ របស់នាយឧត្តមសេនីយ៍ សុខ ផល និងលោក សេង សក្ដា បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេសនៅកម្ពុជា និងសេចក្ដីជូនដំណឹងពីកាតព្វកិច្ចធ្វើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស។ នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងយ៉ាងដូច្នេះថា «យើងទុកពេលមួយខែតាមស្មារតីប្រកាសអន្ដរក្រសួង រហូតទៅដល់ថ្ងៃក្រោយចូលឆ្នាំខ្មែរ…