FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ មន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់ខ្ពស់ និងចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដាខេត្ដឲ្យបានទាន់ពេលវេលា ហើយពេលទឹកស្រកទៅវិញ ក៏ត្រូវតែបន្ដជួយផ្គត់ផ្គង់សម្ភារមួយចំនួន ទៅដល់ពួកគាត់បន្ថែមទៀត ទៅតាមតំរូវការ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងឱកាសសម្ដេចអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់ចំនួន១,៤៤២គ្រួសារ ដែលរស់នៅ ភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដែលធ្វើឡើងនៅទួលសុវត្ថិភាព ឧកញ៉ា អាន ម៉ារឌី នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «ចំពោះគ្រោះធម្មជាតិ ដោយទឹកជំនន់នេះ បានធ្វើឲ្យប្រជាពលរដ្ឋយើងជាច្រើនគ្រួសារ ទទួលរងការលំបាក ដូច្នេះសូមមន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែបន្ដយកចិត្ដទុក្ខដាក់ គ្រប់គ្រងស្ថានការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវចុះជួយសង្រ្គោះ និងជន្លៀសបងប្អូនដែលរងគ្រោះទាំងអស់ ទៅរកទីទួលមានសុវត្ថិភាព និងផ្ដល់ជាស្បៀងសម្ភារផ្សេងៗ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់ ហើយពេលទឹកស្រកទៅវិញ គឺត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានគ្រប់គ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតផងដែរ»។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា «សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ក៏ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយទឹកជំនន់នេះផងដែរ ត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរយើងរស់នៅបានឲ្យស្អាត ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងនេះ ក៏មាននូវសត្វពស់ច្រើនផងដែរ ដូចនេះប្រុងប្រយ័ត្នជានិច្ច ហើយមានពស់ចឹង ត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជនបងប្អូនជាបន្ទាន់»។
សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិតបានថ្លែងបន្ថែមទៀតថា ពេលទឹកជំនន់បានស្រកទៅវិញ សូមបងប្អូនប្រជាពលរដ្ឋ សម្អាតជុំវិញទីធ្លាផ្ទះរបស់យើងឲ្យបានស្អាត ហើយបើមានអណ្ដូង ត្រូវលាងសម្អាតឡើងវិញ ព្រោះពេលទឹកលិច គឺមានមេរោគជាច្រើនបានហូរចូល ហេតុនេះហើយ ដើម្បីជៀសវាងឆ្លងនូវជំងឺដង្កាត់ផ្សេងៗ សូមបងប្អូនហូបស្អាត បរិស្ថានជុំវិញផ្ទះស្អាតជានិច្ច៕