រដ្ឋមន្ត្រី អ៉ិត សំហេង៖ គណៈវិស្វករកម្ពុជា នឹងចេញបទប្បញ្ញត្តិបន្ថែមសម្រាប់វិស្វករបរទេស ដើម្បីធានាសុវត្ថិភាព និងគុណភាពសំណង់
FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈវិស្វករកម្ពុជា បានឲ្យដឹងថា គណៈវិស្វករកម្ពុជា នឹងរៀបចំបទប្បញ្ញត្តិមួយចំនួនទៀត សម្រាប់វិស្វករបរទេស ដែលបម្រើការនៅកម្ពុជា ដើម្បីធានាបានសុវត្ថិភាព និងគុណភាពសំណង់ និងអំពាវនាវឲ្យវិស្វករមិនទាន់ចុះបញ្ជី ត្រូវរួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា។ លោកលើកឡើងយ៉ាងដូច្នេះ ក្រោយប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់គណៈវិស្វករកម្ពុជា ក្នុងអាណត្តិទី២ នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។ លោកក៏បានអំពាវនាវឲ្យវស្វករខ្មែរ និងវិស្វករបរទេសទាំងអស់ ដែលបម្រើការនៅកម្ពុជា និងមិនទាន់មកចុះបញ្ជី គប្បីរួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។ លោកថា មុននឹងគណៈវិស្វករកម្ពុជាទទួលចុះបញ្ជី វិស្វករនីមួយៗត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃផ្នែកគុណវឌ្ឍ ប្រកបដោយភាពប្រាកដប្រជា ពីសំណាក់គណៈកម្មការជំនាញមួយរបស់គណៈវិស្វករកម្ពុជា។ ដូច្នេះនៅពេលទទួលបានការចុះបញ្ជីហើយ សាមីវិស្វករនឹងទទួលបានការទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាមានជំនាញពិតប្រាកដច្បាស់លាស់ និងមានឱកាសការងារច្រើន។ ថ្មីដ្បិតតែគិតត្រឹមឆ្នាំ២០១៧ វិស្វករខ្មែរ និងបរទេសដែលបានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជារហូតដល់ទៅជាង ៣ពាន់នាក់ ក៏ពិតមែន ប៉ុន្តែវិស្វករបរទេស ដែលបានចុះបញ្ជីនោះមានតែ ១៤នាក់ប៉ុណ្ណោះ ខណៈនៅតាមការដ្ឋានសំណង់ខ្ពស់ៗមួយចំនួន គេសង្កេតមានវិស្វករបរទេសមានចំនួនច្រើន។ ត្រង់ចំណុចនេះ…