ក្រសួងការងារ ប្រកាសឲ្យគ្រឹះស្ថាន និងសហគ្រាសទាំងអស់ អនុញ្ញាតឲ្យកម្មករឈប់សម្រាក ៤ថ្ងៃ ដោយបើកប្រាក់ឈ្នួលមុន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឲ្យម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពី ការងារត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត បានឈប់សម្រាករយៈពេល ៤ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួល មុនបុណ្យប្រពៃណីនេះផងដែរ។ តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា យោងតាមច្បាប់ ស្តីពី ការឈប់បុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៩ និងដើម្បីបង្ក លក្ខណៈងាយស្រួលដល់បងប្អូនកម្មករ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អនុវត្តដូចតទៅ៖ ១៖ អនុញ្ញាតឲ្យកម្មករនិយោជិត ទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងកំឡុងពេលបួនថ្ងៃគឺ ថ្ងៃទី២៧-២៨-២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ជំនួសឲ្យថ្ងៃទី២៩ ដែលត្រូវចំថ្ងៃអាទិត្យ។ ២៖ ខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតលើកទី២ ឲ្យមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិត ទទួលប្រាក់បុរេប្រទាន យ៉ាងតិច៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ៕

សាលារាជធានីភ្នំពេញ បង្ហាញទីតាំងចេញដំណើរសម្រាប់ជិះរថយន្ដក្រុងដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្យ, ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា

FN ៖ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចបញ្ចេញរថយន្ដក្រុង ចំនួន ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងបន្ថែមថ្មីមួយ ដោយបានបង្ហាញអំពីតាំងចេញដំណើរ ទៅតាមបណ្ដាខេត្ត និងផ្លូវជាតិដែលមានរថយន្ដក្រុង ទៅដល់ផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ថ្ងៃនេះ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ ក៏អាចប្រើប្រាស់សេវារថយន្ដក្រុង និងកាណូតសាធារណៈ ដោយមិនគិតកម្រៃសេវាដូចគ្នាផងដែរ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឲ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យការធ្វើផ្ទះជូនអតីតយុទ្ធជន នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ និងប្រាប់សមាជិកដែលគ្មានផ្ទះ និងដីអាចស្នើសុំបាន

FN ៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានបន្ដចុះពិនិត្យការសាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ដើម្បីត្រៀមនឹងបញ្ចប់ទាំងស្រុង ប្រមាណ២០០ខ្នង នៅចុងខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសចុះពិនិត្យនៅព្រឹកមិញនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា ដើម្បីមករស់នៅក្នុងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យនេះ បានបញ្ចប់រួចរាល់ប្រមាណ១៥០ខ្នងផ្ទះហើយ។ លោក គន់ គីម បន្ថែមទៀតថា ក្នុងចំណោមផ្ទះដែលធ្វើរួចរាល់ សមាគមក៏បានប្រគល់ជូនសមាជិកជាបណ្ដើរៗផងដែរ ដើម្បីចូលស្នាក់នៅ។ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា សម្រាប់ផ្ទះជាង២០០ខ្នង ដែលសាងសង់នៅស្រុកចុងកាល់នេះ ដើម្បីត្រៀមចែកជូនសមាជិកអតីតយុទ្ធជន ដែលមានជីវភាពលំបាក ពោលគ្មានដី គ្មានផ្ទះសម្បែងពិតប្រាកដ ដើម្បីស្នាក់នៅ។ បើតាមលោក គន់ គីម ផ្ទះនៅតំបន់នេះ ១០០ខ្នង នឹងត្រូវប្រគល់ជូនអតីតយុទ្ធជននៅរាជធានីភ្នំពេញ ចំនួន១០០គ្រួសារ ដោយឡែក ផ្ទះដែលនៅសល់ផ្សេងទៀត នឹងត្រូវប្រគល់ជូនខេត្តឧត្តរមានជ័យ ចំនួន៥០ខ្នង…