កម្ពុជានាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន បានចំណូលជិត៤០០លានដុល្លារ នៅឆ្នាំ២០១៩

FN ៖ រយៈពេលពេញ១ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន កើនឡើង៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករានេះ។ របាយការណ៍បញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០១៩កន្លងទៅ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន ២៨៧,៦៣៨តោន កើនឡើងចំនួន៦៧,៥៣៨តោន កើនឡើង៣១ភាគរយ ធៀបនឹងឆ្នាំ២០១៨។ បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៨២,០៧១តោន កើតនឡើង៦៤៥៧០តោន ស្មើនឹង៣០ភាគរយ ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៣៣៦ដុល្លារក្នុង១តោន តម្លៃនេះកើនឡើង១៩ភាគរយ។ ក្រសួងបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៦,១៤២ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៤៧,១១៣ហិកតា ស្មើនឹង៦១%។ សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

ក្រសួងសុខាភិបាល ប្រកាសពីបច្ចុប្បន្នភាព និងវិធានបង្ការជំងឺរលាកសួត បង្កឡើងដោយមេរោគកូរ៉ូណាថ្មី ដែលកំពុងផ្ទុះកាន់តែខ្លាំងនៅចិន

FN ៖ ដោយសារជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) នៅតែមានរាតត្បាតនៅប្រទេសចិន ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ និងជាពិសេសអ្នកដំណើរដែលមានគម្រោងទៅកាន់ ឬត្រឡប់មកពីខេត្តដែលកំពុងកើតជំងឺនេះនៅប្រទេសចិន ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនខ្ពស់ក្នុងការការពារសុខភាពពីការឆ្លងជំងឺនេះ។ ជាពិសេស នារដូវបុណ្យចូលឆ្នាំចិន និងចូលឆ្នាំខែ្មរប្រពៃណីជាតិខាងមុខដោយសារវីរុសនេះមានលក្ខណៈអាចចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត នេះបើតាមការសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ។ តាមសេចក្ដីជូនដំណឹងរបស់ក្រសូងសុខាភិបាល បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មានចំនួន២២២ករណី ក្នុងនោះប្រទេសចិន មានចំនួន២១៨ករណី ដែលក្នុងនេះមានបុគ្គលិកសុខាភិបាល ដែលបានថែទាំអ្នកជំងឺមានចំនួន១៥នាក់ នៅទីក្រុងបាងកក ប្រទេសថៃមាន ២ករណី ជាករណីនាំចូល និងប្រទេសកូរ៉េខាងត្បូង មាន១ករណី ដែលជាករណីនាំចូល។ ករណីស្លាប់៤នាក់ មាននៅតែក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន, ហើយជំងឺរលាកសួតនេះ បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) បានកើតឡើងដំបូងបង្អស់ និងកំពុងបន្តផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន និងបានកំពុងរាលដាលទៅប៉េកាំង សៀងហៃ ក្វាងចូវ ហុងកុង។ ទោះជាបច្ចុប្បន្ននេះ កម្ពុជាមិនមានករណីជំងឺផ្តាសាយបក្សីកើតឡើងទៀតក៏ដោយ…

កម្ពុជានាំចេញដំឡូងមីបានជាង៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង២៦ភាគរយ

FN ៖ យោងតាមរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជាបាននាំចេញដំឡូងមី (ចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមី) ចំនួន៣,៣១០,០៩២តោន កើនឡើង២៦.៦៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន២,៦១៣,២២០តោន។ បើតាមរបាយការណ៍ ចំណិតដំឡូងមីក្រៀម និងដំឡូងមីស្រស់ ត្រូវបាននាំចេញទៅប្រទេសថៃ និងវៀតណាម។ ចំណែកម្សៅដំឡូងមី ត្រូវបាននាំចេញទៅ ប្រទេសវៀតណាម ចិន ហូឡង់ ឆេក កាណាដា អ៊ីតាលី ឥណ្ឌា និងប៉ាគីស្ថាន។ គិតត្រឹមនៅឆ្នាំ២០១៩ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីចំនួន៦៤៨,៤៧៦ហិកតា ថយចុះ០.៥៧ភាគយ បើធៀបនឹងឆ្នាំ២០១៨ មានផ្ទៃដី៦៥២,២៣៥ហិកតា៕