ក្រសួងអប់រំ ប្រកាសជាផ្លូវការឱ្យបេក្ខជនចុះឈ្មោះប្រលងឌីប្លូម និងបាក់ឌុប ជាប់ជាស្ថាពរ ដោយគ្មានកំណត់និទ្ទេស

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។ យោងតាមសេចក្តីជូនដំណឹងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងបានបញ្ជាក់ថា ការសម្រេចបែបនេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់យោបល់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ឱ្យជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមិនបាច់ប្រលង។ សម្តេចតេជោ បានផ្តល់យោបល់បែបនេះ ដោយសារតែសម្តេចមិនអនុញ្ញាតឱ្យមានការប្រលង ព្រោះបារម្ភខ្លាចការរីករាតត្បាតជំងឺកូវីដ១៩។ បើតាមក្រសួងអប់រំ បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។ នេះបើតាមការឲ្យដឹងពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។…