ក្រសួងទេសចរណ៍ ដាក់ចេញចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៧ ចាប់ពីថ្ងៃ១មិថុនា

FN ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេក្ដីជូនដំណឹងថា ខ្លួននឹងដាក់ចេញនូវចលនា ប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ តទៅ។ ក្រសួងក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ដែលបម្រើសេវាទេសចរណ៍ ត្រូវមកសុំ និងដាក់ពាក្យចូលរួមប្រឡងប្រណាំងនេះ ជាកាតព្វកិច្ច។ បើតាមក្រសួងទេសចរណ៍ ចលនាប្រឡងប្រណាំងនេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ឱ្យខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍សម្បទាទេសចរណ៍របស់ខ្លួន ប្រកបដោយស្ដង់ដារត្រឹមត្រូវ អភិរក្សវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរលើកកម្ពស់ ធនធានមនុស្សដែលមានជំនាញ គុណភាព ប្រសិទ្ធភាពខ្ពស់ សំដៅទាក់ទាញទេសចរ ក៏ដូចជាពន្យារការស្នាក់នៅរបស់ទេសចរ និងចូលរួមបង្កើនដល់ការលើកកម្ពស់ កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងប្រកបដោយផាសុខភាព សម្រាប់ការស្នាក់នៅរបស់ភ្ញៀវទេសចរ សក្តិសមនឹងប្រសិទ្ធនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»។

លោក ប្រាក់ សុខុន ធ្វើបាឋកថាបង្ហាញពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងអាទិភាពនយោបាយការបរទេសរបស់កម្ពុជា ជូនយុវជនជាង ៥០០នាក់

FN ៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញធ្វើបាឋកថា ស្ដីពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងអាទិភាពនយោបាយការបរទេសរបស់កម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ការធ្វើបាឋកថានេះ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយមានអ្នកចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងឯកអគ្គរាជទូតប្រចាំនៅបណ្តានានា ព្រមទាំងយុវជនប្រមាណ ៥០០នាក់ ដែលដឹកនាំដោយលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ៕

សេចក្តីជូនដំណឹង! ស្អែកនេះក្រសួងមហាផ្ទៃនឹងធ្វើសន្និសីទកាសែត ពី​ចំណាត់ការផ្លូវច្បាប់លើអង្គការ និងក្រុមហ៊ុនមួយចំនួន ដែលប្រតិបត្តិការ គ្មានការអនុញ្ញាត ក្នុងវិស័យមូលបត្រ

FN ៖ ក្រសួងមហាផ្ទៃ នឹងធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់ចំពោះអង្គការ AIF សមាគម ICA ក្រុមហ៊ុន EBC និងបុគ្គលពាក់ព័ន្ធ ក្នុងករណីប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យមូលបត្រ នៅវេលាម៉ោង០៩៖០០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៧ស្អែកនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៧។