FN ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ដ ដែលបានដាក់ឲ្យដំណើរការនាដើមឆ្នាំ២០១៧នេះ បានជួយលុបបំបាត់អំពើពុករលួយបានយ៉ាងច្រើន លើការធ្វើស្លាកលេខយានយន្ដ ហើយថែមទាំងរកចំណូលចូលរដ្ឋ បានច្រើនទៀតផងដែរ។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រោយបញ្ចប់ជំនួបរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពីដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ដ។
ក្រៅពីលុបបំបាត់អំពើពុករលួយ រដ្ឋមន្ដ្រីក្រសួងសាធារណការ បញ្ជាក់ថា ចាប់តាំងពីដំណើរការប្រព័ន្ធនេះមក ក្រសួងបានចុះបញ្ជីស្លាកលេខរថយន្ដចំនួន ១៧,០០០គ្រឿង ហើយរកចំណូលថវិកាចូលជាតិរហូតទៅដល់ ១៤,០០០,០០០រៀលផងដែរ។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «យើងអាចប្រើប្រាស់ប្រព័ន្ធអនឡាញជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយបានចុះបញ្ជីស្លាកលេខរថយន្ដពិសេសបាន១៧,០០០គ្រឿង ដោយទទួលបានចំណូលថវិកាចូលជាតិចំនួន ១៤,០០០,០០០រៀល ហើយកាលពីមិនទាន់មានប្រព័ន្ធអនឡាញនេះ គឺមិនសូវមានថវិកាចូលជាតិនោះទេ ប៉ុន្ដែពេលមានប្រព័ន្ធអនឡាញ គឺមិនអាចគេចបាននោះទេ…តាំងពីមានប្រព័ន្ធអនឡាញនេះ ធ្វើឲ្យមានការកើនចំណូលថវិកាជាតិបានជាច្រើន ផ្ដល់សេវាបានលឿន ទៅបងប្អូនប្រជាពលរដ្ឋ»។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ប្រព័ន្ធនេះរកចំណូលបានច្រើនដោយសារតែ ប្រសិនបើប្រជាពលរដ្ឋណាចង់បានលេខពិសេស ត្រូវតែបង់ថ្លៃ តាមការកំណត់ ហើយបើលេខពិសេសនោះអស់នៅអក្សរណាមួយនោះ នៅពេលពលរដ្ឋចង់រំលងអក្សរ គឺត្រូវតែបង់ថ្លៃតាមគោលការណ៍ រំលងអក្សរផងដែរ ដូច្នេះមិនអាចបានលេខពិសេស ដោយមិនបានបង់ថ្លៃនោះទេ។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) ចំនួន៣ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នោះរួមមាន៖ សេវាចុះបញ្ជីយានយន្ត (vehicle.mpwt.gov.kh), សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត (techinspection.mpwt.gov.kh) និងសេវាផ្តល់បណ្ណបើកបរយានយន្ត (driverlicense.mpwt.gov.kh)។
ក្រសួងសាធារណការ ក៏បានសហការជាមួយកន្លែងលក់យានយន្ត ដាក់ឲ្យប្រើប្រាស់សេវាចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តកម្មនេះផងដែរ ពោលកន្លែងលក់យានយន្តអាចចុះបញ្ជីយានយន្ត និងចេញស្លាកលេខយានយន្តជូនអតិថិជនរបស់ខ្លួនបានផងដែរ៕