យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៥៧៨គ្រឿង និងផាកពិន័យ២៤៧គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៥២៥គ្រឿង

FN​៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៣៦៥គ្រឿង រកឃើញល្មើសច្បាប់៥៧៨គ្រឿង (ម៉ូតូ៥៧ភាគរយ) អប់រំ៣៣១គ្រឿង និងផាកពិន័យ២៤៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែកុម្ភៈនេះ។ របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៥ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២៥០៧គ្រឿង អប់រំ១៧៨គ្រឿង និងផាកពិន័យចំនួន១១៥គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៥២៥គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។ សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៩,៤៨៥គ្រឿង រកឃើញយានយន្តល្មើស ៨,១៤០គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ៤,៧៣៣គ្រឿង និងផាកពិន័យ៣,៤០៧គ្រឿង (ម៉ូតូ៨៨ភាគរយ)៕

បារាំងផ្តល់ប្រាក់ជំនួយ និងឥណទានមានការប្រាក់ទាបដល់កម្ពុជា ជាង៥០លានដុល្លារ សម្រាប់គម្រោងទឹកស្អាត និងអនាម័យតាមបណ្តាខេត្ត

FN ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ បានផ្តល់ជំនួយ និងឥណទានមានការប្រាក់ទាបប្រមាណ៤១លានអឺរ៉ូ ដែលស្មើនឹងជាង៥០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងចំនួន២ នៅតាមបណ្តាខេត្ត ជាពិសេសលើគម្រោងទឹកស្អាត និងអនាម័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ។ ពិធីចុះហត្ថលេខាលើការផ្តល់ជំនួយ និងឥណទាននេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី២រវាងភាគីកម្ពុជាដែលដឹកនាំដោយ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសមភាគីបារាំងដែលដឹកនាំដោយលោក Philippe BAUDUIN នាយកប្រតិបត្តិរងរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅទីស្នាក់ការកណ្តាលរបស់ AFD នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ បារាំង-កម្ពុជាបានចុះកិច្ចព្រមព្រៀងចំនួន២រួមមាន៖ ១៖ កិច្ចព្រមព្រៀងឥណទានសម្បទានលើគម្រោងទឹកស្អាត និងអនាម័យនៅទីរួមខេត្ត ក្នុងទឹកប្រាក់ចំនួន ៤០លានអឺរ៉ូ ប្រហែល៤៩លានដុល្លារ ២៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព…

សម្ដេច ស ខេង ជំរុញថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខិតខំបម្រើសេវាសាធារណៈឲ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ

FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំឭកជាថ្មីថា ប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ ហើយប្រជាពលរដ្ឋកម្ពុជាមានសេចក្ដីសុខទៅបាន លុះត្រាតែមន្ត្រីរាជការទាំងអស់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ដែលមានមន្រ្តីរាជការចូលរួមចំនួន ៣៥០នាក់។ សម្តេចក្រឡាហោមថ្លែងយ៉ាងដូច្នេះថា «ភាពដែលអាទទួលបានលទ្ធិប្រជាធិបតេយ្យនេះទៅបាន លុះត្រាតែថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ព្យាយាមធ្វើការអនុវត្តនូវតួនាទី និងភារកិច្ច ក្នុងគោលបំណងជាអ្នកផ្តល់នូវសេវា ហើយប្រជាពលរដ្ឋ គឺជាម្ចាស់នៃសេវា ទាំងការផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់»។ សម្ដេច ស ខេង បានបន្តថា សេវាទាំងអស់នោះរួមមាន ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមមានកិច្ចសហការរវាងលោកមេភូមិ ប្រជាការពារ ប៉ុស្តិ៍នគរបាល និងរដ្ឋបាលឃុំ-សង្កាត់ផងដែរ។ សម្តេចបានជំរុញថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខិតខំបម្រើសេវាសាធារណៈឲ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមការធ្វើកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល…