FN ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ បានប្រមូលចំណូលពន្ធមានចំនួន ២,៤៨៩.៨ ប៊ីលានរៀល (ស្មើនឹង ៦១៤.៨ លានដុល្លារអាមេរិក) ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសានេះ។ កិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែមីនា និង ត្រីមាសទី១ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយនិងរដ្ឋាករមួយចំនួននៅទូទាំងប្រទេស។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា លទ្ធផលប្រមូលចំណូលក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន២៦% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។…