FN ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាព បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានរៀបចំ ដោយមានការចូលរួមដោយផ្ទាល់់ និងតាមរយៈប្រព័ន្ធវីដេអូរបស់លោក-លោកស្រីអគ្គនាយករង លោកនាយកសាលាជាតិគយ ប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានអង្គភាពគយនិងរដ្ឋាករក្រោមឱវាទ អគរ និងមន្ត្រីជំនាញមួយចំនួន។
ក្នុងរយៈពេល៣ខែ នៃឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ២,៤២៨.៦ ប៊ីលានរៀល ស្មើនឹង ៥៩៧.៦ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ២៣.២% នៃផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះថយចុះ ៦១.២ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២.៥%។ ចំណូលតាមប្រភេទពន្ធនិងអាករ រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៩៤៣.៨ ប៊ីលានរៀល (ត្រូវជា ៣៨.៩% នៃចំណូលសរុប), អាករពិសេសមានចំនួន ៨៩៤.៩ ប៊ីលានរៀល (ត្រូវជា ៣៦.៨% នៃចំណូលសរុប), ពន្ធគយមានចំនួន ៤៣៦.៣ ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ១០០.៩ ប៊ីលានរៀល (ត្រូវជា ៤.២% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ៥២.៨ ប៊ីលានរៀល (ត្រូវជា ២.២% នៃចំណូលសរុប)។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ១,០២៣.៨ ប៊ីលានរៀល (ត្រូវជា ៤២.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៧០៨.៧ ប៊ីលានរៀល (ត្រូវជា ២៩.២% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ៥៥៣.៦ ប៊ីលានរៀល (ត្រូវជា ២២.៨% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ១៤២.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)។
ដោយឡែក តួលេខទំហំពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានបម្រែបម្រួលដូចខាងក្រោម៖
* ការនាំចេញផលិតផលកាត់ដេរមានចំនួន ៣,១៥៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦២៧.៨ លានដុល្លារអាមេរិក ស្មើនឹង ២៤.៨%,
* ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ១,២១២.៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៣៥.២ លានដុល្លារអាមេរិក ស្មើនឹង ៣៨.២%,
* ការនាំចេញកសិផលសរុបមានតម្លៃ ១,១២៣.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០៧.៤ លានដុល្លារអាមេរិក ស្មើនឹង ១០.៦% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ២៩៨.៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៧.២ លានដុល្លារអាមេរិក (៥.៤%), ការនាំចេញអង្ករមានតម្លៃ ១០៥.១ លានដុល្លារអាមេរិក ថយចុះប្រមាណ ៤.៧ លានដុល្លារអាមេរិក (៤.៣%), កៅស៊ូនាំចេញមានតម្លៃ ១០៣.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០.១ លានដុល្លារអាមេរិក (១០.៩%), និងកសិផលផ្សេងទៀតមានតម្លៃ ៦១៦.៣ លានដុល្លារអាមេរិក កើនឡើង ១១៩.១ លានដុល្លារអាមេរិក (២៤%)។
ទន្ទឹមនឹងការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗមួយចំនួន ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ដូចជា៖ ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អនុលោមភាព, ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតក្នុងការងារគយ, ព្រមទាំងការចូលរួមសកម្មភាពសង្គមនានា និងការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។
ជាទិសដៅបន្ត ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់អង្គភាព លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានក្រើនរម្លឹកនូវអនុសាសន៍ណែនាំទាំង ៥ ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុសាសន៍ ៨ ចំណុចរបស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជារួមផ្តោតជាចំបងលើការងារសំខាន់ៗ ដូចជា ការបន្តធ្វើសាមញ្ញកម្មនីតិវិធីគយនិងពង្រីកបន្ថែមទៀតនូវការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា, ការពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ, ការពិនិត្យឡើងវិញនូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគយ កិច្ចសហការជាមួយក្រសួងស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធក្នុងប្រតិបត្តិការការងារគយ និងការបន្តប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំ នូវវិធានការសុខាភិបាល ពិសេសគឺវិធានការ «៣ ការពារ ៣ កុំ» ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។
បន្ថែមលើនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំដល់មន្រ្តីក្រោមឱវាទ អគរ ទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងអភិបាលកិច្ច និងការកៀរគរចំណូល រួមមាន៖ (១).ពង្រឹងអនុលោមភាពការបំពេញបែបបទ បញ្ចេញទំនិញពីគយ, (២).ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, (៣).បន្តការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធទាំងនៅដើមទី កណ្តាលទី និងចុងទីលើទំនិញចម្រុះដូចភ្លៀងរលឹមប្រកបដោយប្រសិទ្ធភាព, (៤).ផ្តល់សេវាល្អនិងរហ័សជូនធុរជនពាក់ព័ន្ធ, (៥). បន្តចូលរួមឱ្យបានសកម្មក្នុងការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, (៦). សហការជិតស្និទ្ធជាមួយអង្គភាពជំនាញពាក់ព័ន្ធលើការងារត្រួតពិនិត្យទំនិញសារធាតុគីមីដែលអាចប្រើប្រាស់ច្រើនមុខសញ្ញា (ជាធាតុផ្សំគ្រឿងញៀន), និង (៧). រៀបចំផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធនូវច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិគាំទ្រនានាដែលពាក់ព័ន្ធនឹងការងារគយ៕