កម្ពុជាទទួលបានចំណូល ជាង២៥០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ នៅរយៈពេល១១ខែ ឆ្នាំ២០១៨
FN ៖ រយៈពេល១១ខែ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ សរុបចំនួនជាង១៨ម៉ឺនតោន ទទួលបានចំណូលជាង២៥០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ។ របាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៨ កម្ពុជានាំចេញជ័រកៅស៊ូចំនួន១៨៧,៧០៣តោន កើតឡើង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧។ តម្លៃកៅស៊ូបានធ្លាក់ចុះផងដែរ ដោយតម្លៃជាមធ្យមក្នុងរយៈពេល១១ខែកន្លងមកនេះ ក្នុងកម្រិត១,៣៣៦ដុល្លារអាមេរិក ក្នុង១តោន ធ្លាក់ចុះ១៧ភាគរយ។ កៅស៊ូរបស់កម្ពុជានាំចេញទាំងស្រុង ទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងកូរ៉េខាងត្បូង។ ក្រុមហ៊ុនដែលកំពុងរកស៊ី និងដាំដុះកៅស៊ូនៅកម្ពុជាចំនួន១២៩ក្រុមហ៊ុន ក្នុងនោះមាន៣០ក្រុមហ៊ុនហើយដែលប្រមូលផល និងធ្វើការនាំចេញ។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជិត៤៣ម៉ឺនហិកតា ក្នុងផ្ទៃដីដែលចៀរជ័របានមាន២០ម៉ឺនហិតកា ស្មើនឹង៤៧ភាគរយ និងផ្ទៃដីថែទាំងជាង២២ម៉ឺនហិកតា ស្មើនឹង៥៣ភាគរយ៕