ឆ្នាំ២០១៩ភ្ញៀវទេសចរជាង ២លាននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលចំណូលជិត ១០០លានដុល្លារ

FN ៖ នៅឆ្នាំ២០១៩កន្លងទៅនេះ មានភ្ញៀវទេសចរបរទេសជាង ២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ តាមរយៈការលក់បណ្ណនេះ ទទួលបានចំណូលសរុបប្រមាណ ៩៩,០៨៨,៨៩៤ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។ សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ចំនួនអ្នកទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនេះ មានការថយជិត ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបង្ហាញដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ មានអ្នកទិញបណ្ណចូលទស្សនាប្រមាណ ២០៨,៤៣០នាក់ រកចំណូលបាន ៩,៥៣៣,៤២០ដុល្លារអាមេរិក។ គ្រឹះស្ថានអង្គរ ក៏បានឱ្យដឹងផងដែរថា ពេលពេញមួយឆ្នាំ២០១៩ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គ បានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៤,៤១១,៣៩៤ដុល្លារអាមេរិក៕

កសិផលរបស់កម្ពុជាជិត៧លានតោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ នៅឆ្នាំ២០១៩

FN ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃដំបូងនៃឆ្នាំ២០២០នេះ បានបង្ហាញនូវតួលេខផ្លូវការ ដែលកត់តា្រដោយក្រសួង អំពីការនាំចេញកសិផលរបស់កម្ពុជា នៅឆ្នាំ២០១៩កន្លងទៅនេះ។ របាយការណ៍របស់លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំ២០១៩ ប្រទេសកម្ពុជា បាននាំចេញកសិផលទាំងផ្លូវការ និងមិនផ្លូវការសរុបចំនួនជិត៧លានតោនទៅទីផ្សារក្រៅប្រទេស ក្នុងនោះការនាំចេញផ្លូវការមានចំនួនជិត៥លានតោន និងមិនផ្លូវការជាង២លានតោន។ ការនាំចេញផ្លូវការ៖ នៅឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបាន៦២ម៉ឺនតោន, ចំណិតដំឡូងមីក្រៀម-ស្រស់ ជាង៣លានតោន, ម្សៅដំឡូងមីជាង៥ម៉ឺនតោន, គ្រាប់ស្វាយចន្ទី ជាង២០ម៉ឺនតោន, គ្រាប់ពោតជិត១២ម៉ឺនតោន, សណ្តែកសៀង ជិត៦ម៉ឺនតោន, ចេកជិត១៦ម៉ឺនតោន, ផ្លែស្វាយជិត៦ម៉ឺនតោន, ម្រេចជាង៣ពាន់តោន និងផលដំណាំផ្សេងៗទៀត ជិត៣០ម៉ឺនតោន។ ការនាំចេញស្រូវក្រៅផ្លូវការ៖ នៅឆ្នាំ២០១៩ កម្ពុជានាំចេញស្រូវក្រៅផ្លូវការ ទៅកាន់ប្រទេសវៀតណាម ចំនួនជាង២លានតោន តាមខេត្តជាប់ព្រំដែនដូចជា តាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងកំពត។ ទីផ្សារសំខាន់ៗសម្រាប់កសិផលរបស់កម្ពុជារួមមាន៖ ប្រទេសចិន អឺរ៉ុប អាស៊ាន ជប៉ុន អាមេរិក កូរ៉េ ឥណ្ឌា…