ក្រសួងសុខាភិបាល ពន្យល់ពីលក្ខខណ្ឌនៃការអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមផ្ទះ
FN ៖ ក្នុងសន្និសីទសារព័ត៌មានរួម រវាងក្រសួងសុខាភិបាល និងរដ្ឋបាលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានពន្យល់អំពីលក្ខខណ្ឌ នៃការអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ ព្យាបាលនៅតាមផ្ទះ។ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីដាក់អ្នកជំងឺកូវីដ១៩នោះឱ្យព្យាបាល នៅតាមផ្ទះ គឺឆ្លងកាត់ការវាយតម្លៃពីក្រុមគ្រូពេទ្យ និងមានការព្រមព្រៀង។ ក្រៅពីមានសភាពស្រាល ឬមិនចេញរោគសញ្ញា គឺផ្ទះគាត់ត្រូវមានអំណោយផលដោយមានបន្ទប់ដាច់ដោយឡែក មិនមែននៅបន្ទប់នៅរួមគ្នា ឬប្រើបន្ទប់ទឹករួមគ្នានោះទេ។ មុននឹងសម្រេចអនុញ្ញាត ឬផ្ដល់សិទ្ធិឱ្យព្យាបាលនៅតាមផ្ទះ ក៏ត្រូវទទួលបានព័ត៌មានលម្អិតពីអាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ ចៅសង្កាត់ ឬអាជ្ញាធរពាក់ព័ន្ធដែលនៅជិតបំផុតផងដែរ។ ជាងនេះទៅទៀត លោកអះអាងថា សម្រាប់ការព្យាបាលតាមផ្ទះនេះ ក៏ត្រូវមានអ្នកថែទាំអ្នកជំងឺកូវីដ១៩ម្នាក់ ដែលមានសុខភាពរឹងមាំ មានការយល់ដឹងពីវិធានសុខាភិបាល ដើម្បីសួរនាំសុខភាពពីអ្នកជំងឺ និងផ្ដល់ព័ត៌មានមកគ្រូពេទ្យវិញ។ អ្នកថែទាំអ្នកជំងឺកូវីដ១៩ មិនត្រូវទៅប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩នោះទេ ដោយគ្រប់ប្រាស្រ័យទាក់ទង ត្រូវតែរក្សាគម្លាតយ៉ាងតិច២ម៉ែត្រ ត្រូវពាក់ម៉ាស លាងដៃសម្អាតជានិច្ច។ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា «សម្រាប់អ្នកពាក់ព័ន្ធនៅក្នុងដំបូងផ្ទះតែមួយជាមួយអ្នកជំងឺកូវីដ១៩វិញ ត្រូវបានហាមឃាត់ដាច់ខាត ក្នុងការចេញធ្វើដំណើរទៅក្រៅ ប្រកបអាជីវកម្ម មុខរបរ ឬបំពេញកិច្ចការផ្សេងៗ ក្នុងរយៈពេលដែលចាប់ផ្ដើមដាក់អ្នកជំងឺព្យាបាលនៅផ្ទះ…