ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប

FN ៖ នៅល្ងាចថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី បើកពិធីបុណ្យទន្លេលើក​ទី៨ នៅក្នុងខេត្តសៀមរាប។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍, គណៈកម្មការអន្តរក្រសួង, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលខេត្តសៀមរាប, សហភាពសហព័ន្ធ យុវជនកម្ពុជា និង វិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី ៨, ក្រោម ប្រធានបទដ៏មានសារៈសំខាន់ គឺ «ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាទទួលបានសុខសន្តិភាពពេញលើផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ…