នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានដកស័ក្តិ និងដកតួនាទីមន្ដ្រីនគរបាលទាំងឡាយណាដែលប្រព្រឹត្តខុស ដោយគ្មានការអត់ឱនទៀតឡើយ
FN ៖ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំង ស្នងការខេត្តតាកែវថ្មី នៅព្រឹកថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បានព្រមានមន្រ្តីនគបាលទាំងអស់ ពង្រឹងវិន័យឲ្យបានម៉ឹងម៉ាត់ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ហើយបើមានមន្រ្តីណា ដែលប្រព្រឹត្តខុសពីវិន័យរបស់កងកម្លាំងនគបាលជាតិ នឹងត្រូវដកស័ក្ដិ និងដកតួនាទីភ្លាម។ នាយឧត្តមសេនីយ៍អគ្គស្នងការ ថ្លែងយ៉ាងដូច្នេះថា «មកដល់ម៉ោងនេះហើយ គ្មានការយោគយល់អីនោះទេ មន្រ្តីនគបាលណាម្នាក់ដែលប្រព្រឹត្តអ្វីមួយខុសច្បាប់ ឬខុសវិន័យកងកម្លាំងធ្ងន់ធ្ងរត្រូវដកស័ក្តិ ដកតួនាទី បណ្ដេញចោល ឬបញ្ជូនទៅតុលាការដើម្បីកាត់ទោសទៅតាមច្បាប់តែម្ដង»។ ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានរំលឹកអំពីករណីមន្រ្តីនគរបាលចរាចរម្នាក់ ដែលបានបើករថយន្តប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាមគេទៀតនោះ គឺជាគំរូស្រាប់ ព្រោះបានបញ្ចុះស័ក្តិ និងដកតួនាទីថែមទៀតផង ដូច្នេះលោកស្នងការទាំងអស់ ត្រូវតែធ្វើការអប់រំ ដាស់តឿន និងពង្រឹងវិន័យដល់កូនចៅរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំជៀសវាងប្រព្រឹត្តិខុសនាំឲ្យមានបញ្ហាដល់ខ្លួនគេផ្ទាល់ និងប៉ះពាល់កិត្តិយសអង្គភាព។ សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសជាផ្លូងការដកហូតតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលបានបើករថយន្តកៀរ និងដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១៕