គ.ជ.ប បញ្ជាក់ពីភាពយឺតយ៉ាវ នៃការផ្សាយលទ្ធផលបឋមការបោះឆ្នោត ឃុំ-សង្កាត់ លើទូរទស្សន៍ជាតិ ខណៈ៦១៩ឃុំ/សង្កាត់ បានប្រកាសលទ្ធផលរួចរាល់
FN ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ពីមូលហេតុយឺតយ៉ាវ នៃការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ លើទូរទស្សន៍ជាតិកម្ពុជា (ទទក) និង Page Facebook «អ្នកនាំពាក្យ គ.ជ.ប» ខណៈឃុំ-សង្កាត់ ដែលត្រូវបានផ្សាយរយៈពេល២ថ្ងៃមកនេះ ទើបតែបាន ៦១៩ឃុំ-សង្កាត់ប៉ុណ្ណោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប។ សេចក្ដីជូនដំណឹងរបស់គ.ជ.ប បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានភាពរអាក់រអួល និងយឺតយ៉ាវ ក្នុងការផ្សាយលទ្ធផលបឋមនេះ ដោយសារបញ្ហា៣សំខាន់ក្នុងនោះ រួមមាន៖ ១៖ ការបញ្ជូនទិន្នន័យពីឃុំ-សង្កាត់ មកកាន់ គ.ជ.ប តាម Internet មានភាពរអាក់រអួល និងយឺតយ៉ាវ ២៖ រូបភាពកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ដែលផ្ញើមកពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) មានភាពមិនច្បាស់លាស់ ៣៖ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យរាប់សន្លឹកឆ្នោត ក៏មិនមានភាពបំពេញពេញលេញទៀត។ ការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ តាមទូរទស្សន៍ជាតិកម្ពុជា នៅទីស្ដីការគណៈកម្មាធិការជាតិ…