FN ៖ អង្គការសង្កេតការណ៍អន្តរជាតិសំខាន់ៗចំនួន៣ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានវាយតម្លៃអំពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅកម្ពុជា ឆ្នាំ២០១៧នេះថា ពិតជាមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយប្រទេសដទៃ នៅតំបន់អាស៊ី។ អង្គការអន្តរជាតិទាំងនោះ រួមមាន៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-International) សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI)។
លោក Agung Laksono អនុប្រធាន CAPDI និងអតីតប្រធានសភាសាធារណរដ្ឋឥណ្ឌូនេស៊ី បានឲ្យដឹងថា នៅថ្ងៃបោះឆ្នោត គណៈប្រតិភូ CAPDI បានធ្វើទស្សនកិច្ចនៅការិយាល័យមួយចំនួន ក្នុងរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ដោយមើលឃើញថា ប្រជាពលរដ្ឋពិតជាបានចេញមកបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងសម្ងាត់ជាក់ប្រាដកមែន។ តំណាងអង្គការ CAPDI រូបនេះ បានកត់សម្គាល់ថា ប្រទេសកម្ពុជា មានការរីកចម្រើនច្រើន ចាប់តាំងពីទទួលបានសន្តិភាព និងស្ថិរភាពពេញលេញ បន្ទាប់ពីដំណាក់កាលអន្តរកាល នៅចុងទសវត្សរ៍ ឆ្នាំ១៩៩០ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
រីឯលោក Vijay Jolly សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍របស់ ICAPP បានចុះសង្កេតការណ៍បោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតផ្សេងៗ ក្នុងនោះក្រុមការងាររបស់លោក មានចំណាប់អារម្មណ៍ចំពោះអត្រារបស់អ្នកចូលរួមបោះឆ្នោត ថាប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងអាចទុកចិត្តបាន។ អង្គការ ICAPP មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានបំពេញការងារដ៏ធំធេង ក្នុងការធានាសុវត្ថិភាព និងសន្តិសុខជូនអ្នកបោះឆ្នោត សមាជិកគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងអង្គការសង្គមស៊ីវិលជាដើម។
ដោយឡែកសម្រាប់លោក Andres Pastrana ប្រធានអង្គការ CDI និងជាអតីតប្រធានាធិបតីប្រទេសគូឡំប៊ី ក៏បានវាយតម្លៃដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅកម្ពុជានេះ គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការបង្ខិតបង្ខំ និងគ្មានអំពើហិង្សា ក៏ដូចជាបញ្ហាលំបាកធំដុំឡើយ។ ជាមួយគ្នានឹងសន្តិភាព សុវត្ថិភាព ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនអ្នកបោះឆ្នោត ក៏បានចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតនេះ ធ្វើទៅដោយរលូនផងដែរ។
តំណាងអង្គការអន្តរជាតិធំៗទាំងនេះ សុទ្ធបានបញ្ជាក់ថា មុនធ្វើការចុះប្រតិបត្តិការសង្កេតការណ៍បោះឆ្នោត ស្ទើរពេញមួយថ្ងៃនេះ ពួកគេមានឱកាសបានជួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងបានជួបជាមួយតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ។
ទោះយ៉ាងណា ក្រុមអង្គការអន្តរជាតិទាំងនេះ បានកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានខិតខំប្រឹងប្រែងរៀបចំដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ប្រកបដោយភាពរលូន និងទទួលយកបានទាំងអស់គ្នា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា ការដែល គ.ជ.ប ថ្មីសព្វថ្ងៃនេះ បានសមត្ថភាព និងមានទំនុកចិត្តក្នុងការរៀបចំដំណើរបោះឆ្នោតនេះ ប្រកបដោយភាពល្អប្រសើរទៅបាន ដោយសារមានកត្តារួមផ្សំមួយចំនួន រួមមាន៖
១៖ សមាសភាពថ្នាក់ដឹកនាំរបស់ គ.ជ.ប គឺត្រូវបានរើសចេញពីគណបក្សកាន់អំណាចចំនួន ៤រូប គណបក្សមិនកាន់អំណាច តែមានអសនៈក្នុងសភាចំនួន ៤រូប និងអ្នកមាននិន្នាការឯករាជ្យចំនួន ១រូប ដែលជាសមាសភាពអាចថ្លឹងថ្លែងគ្នាបាន ហើយរាល់សម្រេចធ្វើអ្វីមួយ ត្រូវប្រកាន់នូវគោលការណ៍ ៥០%+១។
២៖ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងភាគីពាក់ព័ន្ធ ដែលរួមមានចំនួន ១១ស្ថាប័ន រួមជាមួយបុគ្គលិកជំនាញការដ៏មានសមត្ថភាពខ្ពស់ មកពីសហគមន៍អឺរ៉ុប ជប៉ុន សហរដ្ឋអាមេរិកជាដើម ក្នុងការរៀបចំ ក៏ដូចជាការដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា។
៣៖ ការធ្វើបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ តាមប្រព័ន្ធអេឡិចត្រូនិច ដ៏សុក្រឹត និងទុកចិត្តបំផុត រហូតដល់ទៅជាង៩៨%។
៤៖ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហា ក៏ដូចជាបណ្ដឹងពាក់ព័ន្ធនឹងគណបក្សនយោបាយ និងប្រជាពលរដ្ឋ នៅអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងកត្តាសំខាន់មួយចំនួនទៀត។
សូមជម្រាបថា ក្នុងរយៈពេលមួយថ្ងៃ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋចំនួន ៦,៧៤៣,៣២៩នាក់ ស្មើនឹង ៨៥.៧៤ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ បានទៅបោះឆ្នោតរួចរាល់។ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសកម្ពុជា បានបិទបញ្ចប់នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ លទ្ធផលបឋមបានបង្ហាញ គណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ ដោយទទួលបាន១១៦៣ឃុំ ខណៈគណបក្សប្រឆាំងទទួលបាន ៤៨២ឃុំ និងគណបក្សខ្មែររួបរួមជាតិទទួលបាន១ឃុំ ក្នុងចំណោម ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស៕