ប្រមុខដឹកនាំកម្ពុជា និងមេដឹកនាំអាស៊ានទាំងអស់ បារម្ភពីបញ្ហានុយក្លែអ៊ែរ និងប្តេជ្ញាធ្វើយ៉ាងណារក្សាឲ្យបានតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លែអ៊ែរ !
FN ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានថ្លែងបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីន ដែលទើបបញ្ចប់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងប្រមុខដឹកនាំ នៃបណ្តាប្រទេសអាស៊ានទាំង១០ បានបង្ហាញនូវការយកចិត្តទុកដាក់ លើបញ្ហានុយក្លែអ៊ែរនៅក្នុងតំបន់ និងពិភពលោក ដោយប្រមុខរាជរដ្ឋាភិបាលអាស៊ានទាំងអស់ បានប្តេជ្ញាចិត្តជាថ្មី ធ្វើយ៉ាងណារក្សាឲ្យតំបន់អាស៊ីអាគ្នេយ៍ មិនមានអាវុធនុយក្លែអ៊ែរ។ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ស្តីពីលទ្ធនៃកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បន្ទាប់ពីធ្វើមាតុភូមិនិវត្តមកកាន់មកកម្ពុជាវិញនោះ លោក កៅ គឹម ហួន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រមុខរាជរដ្ឋាភិបាលអាស៊ាន បានយកចិត្តទុកដាក់ចំពោះ បញ្ហានុយក្លែអ៊ែរនៅក្នុងពិភពលោក និងនៅក្នុងតំបន់ ជាពិសេសដោយសារអាស៊ានមានសន្ធិសញ្ញា ស្តីពីតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លែអ៊ែរ ក្នុងន័យនេះគឺប្រមុខរាជរដ្ឋាភិបាលអាស៊ាន បានឆ្លុះបញ្ចាំង សារជាថ្មីម្តងទៀត ពីឆន្ទះរបស់មេដឹកនាំអាស៊ាន ធ្វើយ៉ាងណារក្សាឲ្យតំបន់អាស៊ីអាគ្នេយ៍នេះ មិនមានអាវុធនុយក្លែអ៊ែរ ហើយជំរុញការអនុវត្តន៍ទៅតាម ក្រមខណ្ឌធម្មនុញ្ញអាស៊ាន»។…