FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញបើក វេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន។ ពិធីបើកនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ួនហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំមកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ។
ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានធ្វើជាវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។ សម្តេចតេជោ បានថ្លែងស្វាគមន៍រាល់វត្តមានរបស់របស់ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ និងវៀតណាម ព្រមទាំងរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុននានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការពិតណាស់ព្រឹត្តិការណ៍នេះបានកើតឡើងស្របពេល នឹងការប្រារព្ធខួប៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលនឹងផ្ដល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងអ្នកនៅក្នុងប្រទេសអ្នកមកពីក្នុងតំបន់ និងអ្នកមកពីក្រៅតំបន់ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរបទ ពិសោធន៍ អំពីនិន្នាការដែលកំពុងកើតឡើងជុំវិញ ប្រធានបទធំៗបីសំខាន់ គីការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចអាស៊ាន និងផលលាភយុវជននៃតំបន់ អាស៊ាន ប្រធានបទទាំងនេះ គឺជាកត្ដាកំណត់ដំណើរការអភិវឌ្ឍន៍របស់អាស៊ានក្នុងពេលអនាគត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល៥ ទសវស្ស៍រកន្លងមកនេះ តំបន់អាស៊ីអគ្នេយ៍ បានធ្វើដំណើរឆ្លងកាត់ដំណាក់កាលដ៏ស្មុតស្មាញ ជាច្រើន ពីតំបន់មួយដែលត្រូវបានបែងចែកជាពីរប្លុកពីរផ្សេងគ្នា រួមរឹតដោយជម្លោះ ទុក្ខលំបាកវេទនា និងភាពក្រីក្រមកជាតំបន់មួយ ដែលមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រួបរួមជាសហគមន៍តែមួយនៅក្រោម ចក្ខុវិស័យតែមួយ គឺ« សហមន៍អាស៊ាន» ដែលចារឹកទៅដោយកំណើន សេដ្ឋកិច្ចខ្ពស់ និងការផ្លាស់ប្ដូររចនាសម្ព័ន្ធស៊ីជម្រៅ។ លើសពីនេះ អាស៊ាន បានឆ្លើយតបជាវិជ្ជមានចំពោះការដោះស្រាយបញ្ហាប្រឈមនានា ទាំងកម្រិតតំបន់ និងសកលលោកជាពិសេសបានចូលរួមធានានូវសន្ដិភាព សន្ដិសុខ សុវត្ថិភាព និងស្ថិរភាព ជូនដល់ប្រជាជាតិក្នុងតំបន់អាស៊ី និងលើពិភពលោក ទាំងមូលផងដែរ។
* ថ្លែងក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងថា លើសពីនេះអាស៊ាន បានឆ្លើយតបជាវិជ្ជមាន ចំពោះការដោះស្រាយបញ្ហាប្រឈមនានា ទាំងកម្រិតតំបន់ និងសកលលោក ជាពិសេសបានចូលរួមធានានូវសន្ដិភាព សន្ដិសុខ សុវត្ថិភាព និងស្ថិរភាព ជូនដល់ប្រជាជាតិក្នុងតំបន់អាស៊ី និងលើពិភពលោក ទាំងមូលផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិតមានតែអាស៊ាន គឺជាសមាគមតំបន់មួយដែលមានប្រទេសដប់ចូលរួម ហើយប្រទេសនីមួយៗ មានលក្ខណៈខុសៗគ្នា ប៉ុន្តែបទពិសោធន៍នៃការខិតខំកសាងសមាគមន៍ក្នុងរយៈពេលកន្លងមក ដោយផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក ការមិនលូកដៃចូលកិច្ចការផ្ទៃក្នុង ការសម្រេចចិត្តដោយកុងសង់ស៊ុល និងការផ្តល់ភាពទន់ភ្លន់ ដើម្បីទាំងអស់គ្នាអាចចូលរួមបានក្នុងគ្រប់ដំណើរការរបស់អាស៊ានដេលត្រូវបានគេនិយមហៅថាជា «ផ្លូវអាស៊ាន» (The ASEAN way) នោះបានបង្ហាញឲ្យយើងឃើញច្បាស់អំពីភាពខ្លាំង និងមូលដ្ឋានគ្រឹះនៃភាពរឹងមាំរយៈពេលយូរអង្វែងរបស់អាស៊ាន។ លើមូលដ្ឋាននេះយើងទាំងអស់គ្នា នឹងបន្តធ្វើសកម្មភាពរួមគ្នាទៅមុខឥតងាករេឆ្ពោះ ទៅរកគោលដៅ តែមួយនៃការសាងសហគមន៍អាស៊ាន ដែលមានអត្តសញ្ញាណរួមតែមួយគឺ «ឯកភាពអាស៊ាននៅក្នុងរូបសណ្ឋានចម្រុះ»។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា បច្ចុប្បន្នអាស៊ានគឺជាសេដ្ឋកិច្ចលំដាប់ទី៣ នៅទ្វីបអាស៊ី និងទី៧ នៅលើពិភពលោក ជាមួយនឹងផលិតផល ក្នុងស្រុក សរុបប្រមាណ២,៦ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អាស៊ានបានក្លាយជាគោលដៅវិនិយោគដែលមានកំណើនដ៏ឆាប់រហ័សនៅលើពិភពលោក ពោលគឺទទួល បាននូវលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ប្រមាណ១១% នៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេសសរុបរបស់ពិភពលោកនៅឆ្នាំ២០១៦ បើប្រៀបធៀបនឹង ឆ្នាំ២០០៧ ដែលមានត្រឹមតែប្រមាណ៥%ប៉ុណ្ណោះ។ លើសពីនេះ អាស៊ានក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ របស់ពិភពលោកផងដែរ ទំាងទេសចរណ៍វប្បធម៌ ទាំងទេសចរណ៍ធម្មជាតិ ដែលមានសុវត្ថិភាពល្អ និងបដិសណ្ឋារកិច្ចប្រកបដោយស្តង់ដារខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា អាស៊ានចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់របស់ខ្លួន ទៅលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖
១៖ ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ តាមរយៈការជំរុញលើកកម្ពស់ កិច្ចសន្ទានាជិតស្និទ ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។
២៖ ការបន្តធានាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ មានតុល្យភាព ចីរភាព និងបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការកាត់បន្ថយគម្លាតអភិវឌ្ឍន៍។
៣៖ ការបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» ក្នុងការតភ្ជាប់ជារូបវ័ន្ត ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់រវាងមនុស្សសំដៅលើកកម្ពស់ សមត្ថភាពប្រកួតប្រជែង ភាពរីកចំរើន បរិយាប័ន្ន និងភាពធន់នៃសេដ្ឋកិច្ចរបស់តំបន់ទាំងមូល។
៤៖ ការបន្តជំរុញលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាន នៅក្នុងកិច្ចសហបន្រតិបត្តិការតំបន់ និងការពង្រឹងសមត្ថភាពរបស់អាស៊ាន ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងកម្រិតតំបន់ ទាំងក្នុងកម្រិតសកល។
* បន្ថែមពីលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា កិច្ចការអាទិភាពចំពោះមុខដ៏សំខាន់មួយរបស់អាស៊ាន គឺការខិតខំប្រឹងប្រែងជំរុញឲ្យបានសម្រេចឆាប់រហ័សនូវ «កិច្ចព្រមព្រៀងស្តីពីភាពចាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់» ដែលមានប្រទេសចូលរួម ចំនួន១៦ ហើមានអាស៊ានជាឆ្អឹងខ្នង មានផ្សារប្រមាណ ៣.៤ ទ្រីលាននាក់ ជាមួយនឹងទំហំសេដ្ឋកិច្ចសរុប ២២.៤ ទ្រីលានដុល្លារ ឬប្រហែលនឹង ៣០ភាគរយ នៃទំហំសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០១៥។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាជាសេដ្ឋកិច្ចតូចដែលបើកចំហ នេះគឺជាមូលហេតុចម្បងដែលនាំឲ្យយើងផ្ដល់សារៈសំខាន់ ខ្ពស់ទៅលើការធ្វើសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ ជាលទ្ធផល កម្ពុជាត្រូវបានចាត់ទុកជាសេដ្ឋកិច្ចមួយ ក្នុងចំណោមសេដ្ឋកិច្ចដែលលូតលាស់ថ្មី ហើយក៏ត្រូវបានចាត់ទុកជាប្រទេសរងគ្រោះ ដោយសង្គ្រាមដែលមានភាពជោគជ័យជាងគេ ដោយផ្អែកលើអត្រាកំណើនសេដ្ឋកិច្ចរឹងមាំជាមធ្យម ៧,៦% ប្រចាំឆ្នាំក្នុងចន្លោះពីឆ្នាំ ១៩៩៤ ដល់ ២០១៦ ហើយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានអត្រាអតិផរណាដែលអាចគ្រប់គ្រងបាន មានការគ្រប់គ្រង បំណុល សាធារណៈល្អប្រសើរ សម្រេចបាននូវការកាត់បន្ថយភាពក្រីក្រឆាប់រហ័ស។
* សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សម្រាប់រយៈពេលមធ្យមខាងមុខ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងបន្តភាពរឹងមាំ របស់ខ្លួន នៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ ក្នុងគោលដៅធានាសម្រេចឲ្យបាននូវទស្សនវិស័យ រយៈពេលវែងឆ្ងាយរបស់ខ្លួន ពោលគឺការឈានឡើងទៅ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ កម្ពុជានឹងបន្តជំរុញអនុវត្តដោយឥតងាករេ និងរឹតតែសកម្មឡើងថែមទៀត នូវគោលនយោបាយសេដ្ឋកិច្ចបើកចំហ តាមរយៈការបង្កើនកិច្ចខិតខំប្រឹងប្រែងតភ្ជាប់ក្នុងគ្រប់រូបភាព និងសមាហរណកម្មខ្លួន កាន់តែស៊ីជម្រៅជាមួយសេដ្ឋកិច្ចតំបន់ និងសកលលោក ព្រមទាំងការបង្កើនល្បឿននៃការកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជាការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។