ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន១,៦១៤នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១៧-២០១៨ និងឆ្នាំសិក្សា២០១៨-២០១៩។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កិត្តិយសធំធេងសម្រាប់សាកលវិទ្យាល័យ ជាពិសេសសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះមានសមយុទ្ធចំនួនពីរ រួមមានសមយុទ្ធសង្គ្រោះមហន្តរាយពេលមានធ្លាក់យន្តហោះនៅក្នុងខេត្តសៀមរាប និងសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយនៅតាមព្រំដែនជាមួយវៀតណាម។ * សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យមានការផ្សព្វផ្សាយមូលបង្កាច់តាមបណ្តាញសង្គមពាក់ព័ន្ធការសមយុទ្ធនៅក្នុងខេត្តសៀមរាប ដូចជា មានការធ្លាក់យន្តហោះជាដើម ព្រោះសមយុទ្ធនេះធ្វើឡើងពាក់ព័ន្ធការជួយសង្គ្រោះពេលមានធ្លាក់យន្តហោះ។…