FN៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជម្រាបជូន លោកឧត្តមសេនីយ៍ទោ Goh Si Hou មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីថា នយោបាយរបស់កម្ពុជា គឺប្រជាជន គឺជាខឿនការពារជាតិកម្ពុជា។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម។
ក្នុងជំនួបនោះ លោក Goh Si Hou បានជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន ថាលោកធ្លាប់បានមកកាន់ប្រទេសកម្ពុជា ហើយដំណើរទស្សនកិច្ចជាផ្លូវការនៅពេលនេះ។ លោកមានអារម្មណ៍ថាកម្ពុជាមានសុខសន្តិភាពហើយមានការអភិវឌ្ឍហើយការអភិវឌ្ឍន៍នោះសោត គឺជាការអភិវឌ្ឍន៍រយៈពេល ២០ឆ្នាំជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ លោកបន្តថា សន្តិភាពដែលទទួលបានមកនេះ គឺបានដោយពិបាក ហើយសន្តិភាពនេះស្ថិតនៅជាកត្តាដ៏សំខាន់របស់កម្ពុជា សម្រាប់រយៈពេលវែងថែមទៀត។
លោកឧត្តមសេនីយ៍ បានបង្ហាញនូវក្តីរីករាយរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជាផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកមានប្រសាសន៍បន្តទៀតថា លោករួមជាមួយនឹង លោក ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នាធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ រួមទាំងផលប្រយោជន៍អាស៊ានផងដែរ។ លោកបានជម្រាបជូនសម្ដេចតេជោថា កងទ័ពទាំងពីរកន្លងមកមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អហើយ លោក និងលោក ហ៊ុន ម៉ាណែត នឹងបន្តនូវទំនៀមទម្លាប់កិច្ចសហប្រតិបត្តិការល្អនេះជាបន្តទៀត។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍ និងកិច្ចពិភាក្សារវាងលោក និង លោក ហ៊ុន ម៉ាណែត ហើយសម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា ជាការពិតណាស់កងទ័ពទាំងពីរចាំបាច់ត្រូវចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ក៏ដូចជាការហ្វឹកហាត់រួមគ្នាផងដែរ។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា នៅពេលនេះពិភពលោកមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរពិតជាមានសារៈសំខាន់។
សម្ដេចតេជោ ក៏បានជម្រាបជូន លោក Goh Si Hou អំពីនយោបាយរបស់កម្ពុជាគឺប្រជាជនគឺជាខឿនការពារជាតិកម្ពុជា កងទ័ពមានតួនាទីសំខាន់ក្នុងការការពារជាតិ ក៏ប៉ុន្តែក្រៅពីនេះកងទ័ពកម្ពុជា ក៏មានតួនាទីចូលរួមក្នុងការជួយបង្កបង្កើនផល ចូលរួមជួយសង្គ្រោះប្រជាជននៅពេលដែលមានគ្រោះអន្តរាយ និងចូលរួមការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ទៀតថា សម្ដេចពុំមានការជឿជាក់ថា ការប្រើកម្លាំងក្នុងការដោះស្រាយបញ្ហានោះបានទេ ផ្ទុយទៅវិញការចរចា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេ ដែលដោះស្រាយរាល់បញ្ហាទាំងឡាយបាន។
ក្នុងន័យនេះសម្ដេចតេជោ បានមានប្រសាសន៍ថាកម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំប្រទល់កម្ពុជាជាមួយនឹងប្រទេសជិតខាង អាចក្លាយជាព្រំប្រទល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ លើសពីនោះទៅទៀត គឺការកែប្រែតំបន់ដែលធ្លាប់ជាអតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ៕