សម្តេចតេជោ ហ៊ុន សែន ជំរុញយុវជនកម្ពុជា ដែលត្រូវចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ឲ្យប្រឹងពង្រីកទំនាក់ទំនងជាមួយយុវជនប្រទេសដទៃ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជំរុញឲ្យយុវជនកម្ពុជា ២៩រូប ដែលបានជាប់ឈ្មោះចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ត្រូវប្រឹងប្រែងពង្រីកទំនាក់ទំនងជាមួយយុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុនផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបុគ្គល និងបុគ្គល វាអាចក្លាយទៅជាឱកាសសម្រាប់ទំនាក់ទំនងល្អរវាងប្រទេស និងប្រទេស។ ការថ្លែងជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យយុវជនតំណាងឲ្យប្រទេសកម្ពុជាទាំង ២៩នាក់ ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ ក៏ដូចជាដំបូន្មានមួយចំនួនពីសម្តេចនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា «ក្មួយៗជាប្រតិភូទាំងអស់ក្នុងការធ្វើដំណើរនេះ គឺត្រូវរក្សានូវឥរិយាបថល្អ និងមិត្តភាពល្អជាមួយនឹងមិត្តរួមដំណើរ ពីព្រោះក្មួយៗតំណាងឲ្យជាតិសាសន៍យើងទាំងមូល មិនមែនតំណាងឲ្យបុគ្គលនោះទេ។ ក្មួយៗត្រូវខិតខំកសាងទំនាក់ទំនងជាមិត្តភក្តិ ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ដែលជាកត្តាបង្កឱកាសឲ្យមានទំនាក់ទំនងរវាងជាតិសាសន៍និងជាតិសាសន៍ ព្រមទាំងទំនាក់ទំនងរវាងប្រទេស និងប្រទេសផងដែរ»។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់យុវជនពីមូលហេតុដែលនាំឲ្យយុវជនកម្ពុជាបានចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ផងដែរ។…