FN ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតអបអរសាទរ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ លោក ស៊ីជីន ភីង ត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៩ របស់គណបក្សកុម្មុយនីស្តចិន បោះឆ្នោតជ្រើសតាំងសារជាថ្មី ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។
យោងតាមលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នៅរសៀលថ្ងៃទី២៦ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរលង់រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកម្មុយនីសចិន នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ និងប្រជាជនទាំងពីរ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យបន្តធ្វើជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) សម្រាប់អាណត្តិទី០២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៧។
នេះជាការតែងតាំងក្នុងជួរបក្សកម្មុយនិស្តចិនតែប៉ុណ្ណោះ សម្រាប់តំណែងប្រធានាធិបតី នឹងធ្វើការបោះឆ្នោតនៅខែមីនា ឆ្នាំ២០១៨ខាងមុនេះ ហើយគេក៏រំពឹងថា លោក ស៊ី នឹងបន្តតំណែងជាប្រធានាធិបតីចិនជាបន្ត។
ជាមួយគ្នានេះ លោក ស៊ី ជិនពីង ក៏បានប្រកាសឲ្យដឹងផងដែរពីសមាសភាពថ្នាក់ដឹកនាំថ្មី០៥រូប ដែលត្រូវបានជ្រើសតាំងឲ្យមកចូលរួមជាមួយ លោក ស៊ី និងនាយករដ្ឋមន្រ្តីចិន លោក លី ខេជំាង (Li Keqiang) នៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ នៃការិយាល័យនយោបាយដ៏មានឥទ្ធិពលបំផុតរបស់គណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនិស្តចិន។
សមាសភាពទាំង៥រូបខាងលើ ដែលសុទ្ធតែជាបុរសរួមមាន៖ លោក លី ចានស៊ូ (Li Zhanshu) វ័យ ៦៧ឆ្នាំ ប្រធានខុទ្ទកាល័យរបស់លោក ស៊ី ជិនពីង, លោក វ៉ាង យ៉ាង (Wang Yang) វ័យ ៦២ឆ្នាំ, លោក វ៉ាង ហ៊ូនីង (Wang Huning) វ័យ ៦២ឆ្នាំ ប្រធានទ្រឹស្តីបក្ស, លោក ចាវ ឡេជី (Zhao Leji) វ័យ ៦០ឆ្នាំ ប្រធានកិច្ចការផ្ទាល់ក្នុងបក្ស, និងលោក ហាង ចេង (Hang Zheng) វ័យ ៦៣ឆ្នាំ លេខាបក្សប្រចាំទីក្រុងសៀងហៃ៕