សំអាងលើពីរចំណុច … តែនិយាយថា ផែនទីក្លែងក្លាយ នឹងត្រូវចាប់ខ្លួន
ព្រឹកថ្ងៃទី ១២ មេសា ឆ្នាំ ២០១៦ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខយោធិនពិការ នៅមជ្ឈមណ្ឌលអភិ វឌ្ឍន៍យោធិនពិការ គូលេន ៣១៧ ខេត្តសៀមរាប, ទាក់ទងនឹងករណីឃាត់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការបង្ហោះប្រឌិតរឿងព្រំដែន សម្តេចតេជោ ព្រមានចាប់ខ្លួនបុគ្គលទាំងឡាយ មិនថាអ្នកនោះជាសមាជិកព្រឹទ្ធសភា ឬរដ្ឋសភា ឱ្យតែនៅដើរនិយាយថា រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ផែនទីក្លែងក្លាយ “ខ្ញុំសូមបញ្ជាក់តែ ២ ចំណុចទេ ទី១ ដរាបណារដ្ឋធម្មនុញ្ញមិនទាន់ត្រូវបានកែប្រែ និងលុបចោលមាត្រាទី ២ … ដែលអនុញ្ញាតឱ្យប្រើប្រាស់នូវផែនទីខ្នាត ១/១០០ពាន់ បោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន អ្នកឯងនិយាយ ខ្ញុំត្រូវតែចាប់ខ្លួនភ្លាម។ ទី ២ ដរាបណាសច្ចាប័នលើកិច្ចព្រមព្រៀងបន្ថែមរវាងកម្ពុជា និងវៀតណាម ដែលសភាផ្តល់ឲ្យ និងព្រះមហាក្សត្រឡាយព្រះហស្ថលេខា នៅជាធរមាន អ្នកឯងនិយាយពីផែនទីក្លែងក្លាយ ខ្ញុំចាប់អ្នកឯងភ្លាម មិនថាអ្នកឯង ជាសមាជិកសភា ឬសមាជិកព្រឹទ្ធសភានោះទេ”។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ ដល់កូនៗរបស់អតីតយុទ្ធជនពិការ ដែលរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ…