ថ្ងៃទី ២២ មិថុនា ២០១៦, នៅអគារសន្តិភាព នៃទីស្តីការគណរដ្ឋមន្ត្រី, ព្រមគ្នានឹងការប្រគល់ជ័យលាភី “កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ២០១៦” និងការប្រកាសចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” លើកទីមួយ, បណ្ឌិតសភាទេសចរណ៍អឺរ៉ុបនៃក្រុមប្រឹក្សាអឺរ៉ុប ស្តីពីទេសចរណ៍ និងពាណិជ្ជកម្ម បានប្រគល់ផងដែរ នូវងារជា សមាជិកបណ្ឌិតសភាកិត្តិយស ជូនសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន។
បណ្ឌិត Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានលើកឡើងថា សម្ដេចតេជោ ជាបុគ្គលដែលមានបុគ្គលិកលក្ខណៈដ៏អស្ចារ្យម្នាក់ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាលនៃកម្ពុជា ហើយបន្តផ្ដល់ជាកម្លាំងរុញច្រានឱ្យមានភាពថ្កុំថ្កើងដល់អនាគតរបស់កម្ពុជា និងជោគវាសនារបស់សកលលោកទាំងមូលផងដែរ។ លោកបានសង្កត់ធ្ងន់ពីភាពរស់រវើក និងសកម្មភាពយ៉ាងអស្ចារ្យរបស់សម្ដេចតេជោ ដែលបានរីកសាយជិត ៥ ទសវត្សមកហើយ ជាមួយនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិសាស្ត្រ ការតស៊ូ ភាពគង់វង្សស្ថិតស្ថេរ និងក្ដីសង្ឈឹមរបស់ប្រជាជនកម្ពុជា។ លោកអះអាងថា សកម្មភាពសម្តេចតេជោ ហ៊ុន សែន ដែលយកចិត្តទុកដាក់ខ្ពស់ និងយូរអង្វែងលើការសម្របសម្រួលការអភិវឌ្ឍវិស័យវប្បធម៌ និងទេសចរណ៍ ឆ្លុះបញ្ចាំងឱ្យឃើញថា ពីប្រទេសមួយដែលត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាម និងការអត់ឃ្លាន, ភាពរុងរឿងពីអតីតកាលរបស់កម្ពុជា ត្រូវបានស្តារឡើងវិញ ដែលថ្ងៃនេះ ត្រូវបានផ្តល់រង្វាន់ជាគោលដៅវប្បធម៌ពេញនិយមលើពិភពលោក។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា លទ្ធផលនេះ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពីសភាពការណ៍ពិតរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអច្ឆរិយភាពនៃកម្ពុជា ជាគោលដៅទេសចរណ៍ «វប្បធម៌ និងធម្មជាតិ»។ សម្តេចតេជោ អះអាងថា កម្ពុជា បាននិងកំពុងក្លាយជាបេះដូង និងជាគោលដៅទេសចរណ៍ថ្មីមួយនៃតំបន់ឤស៊ី និងឤស៊ីឤគ្នេយ៍ ដែលជា តំបន់កំពុងមាននិន្នាការរីកលូតលាស់ខ្លាំងខាងផ្នែកទេសចរណ៍ ដោយផ្អែកលើសក្ដានុពល វប្បធម៌ ប្រវត្តិ សាស្ត្រ ធម្មជាតិ។